ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីបារំាំង ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ស្តីពីការស្លាប់ និងអ្នករងរបួសជនស៊ីវិល នៅតំបន់ហ្គាហ្សា

រូបភាពពី៖​ XINHUA

ប៉ារីស៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល គឺលោក Benjamin Netanyahu ជុំវិញការស្លាប់ និងរបួសរបស់ជនស៊ីវិលយ៉ាងធ្ងន់ធ្ងរបំផុត និងការជួយសង្គ្រោះបន្ទាន់ខាងផ្នែកមនុស្សធម៌ ដែលកំពុងកើនឡើងនៅក្នុងតំបន់ហ្គាហ្សា ។

បើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយវិមានប្រធានាធិបតី Elysee បានឲ្យដឹងនៅក្នុងការសន្ទនាតាមទូរស័ព្ទ លោក Macron បានក្រើនរំលឹកឡើងវិញនូវកាតព្វកិច្ចរបស់អ៊ីស្រាអ៊ែល ក្នុងការការពារជនស៊ីវិល តម្រូវការបន្ទាន់ក្នុងការផ្តល់ជំនួយដល់ប្រជាជនហ្គាហ្សា និងសារៈសំខាន់នៃការធ្វើការឆ្ពោះទៅរកបទឈប់បាញ់យូរអង្វែងដោយដៃគូនៅក្នុងតំបន់ និងអន្តរជាតិទាំងអស់ ។

នៅទីបញ្ចប់ ប្រទេសបារាំង នឹងធ្វើការជាមួយប្រទេសហ្ស៊កដានី នៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីអនុវត្តប្រតិបត្តិការមនុស្សធម៌នៅតំបន់ហ្គាហ្សា ដោយជំរុញឱ្យអ៊ីស្រាអ៊ែល ចាត់វិធានការចាំបាច់ទាំងអស់ដើម្បីបញ្ឈប់អំពើហិង្សាដែលប្រព្រឹត្តដោយអ្នកតាំងលំនៅមួយចំនួនប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីន និងផ្អាកគម្រោងការតាំងទីលំនៅណាមួយនៅក្នុងតំបន់ West Bank ដែលគំរាមកំហែងដែលជាដំណោះស្រាយរដ្ឋ២ ។

ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅ តំបន់ហ្គាហ្សា បានឲ្យដឹងថា ចំនួនអ្នកស្លាប់របស់ជនជាតិប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអ៊ែលនៅតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់២១.០០០នាក់ហើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top