បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ទីក្រុងព្យុងយ៉ាង ត្រូវតែបង្កើនការត្រៀម ធ្វើសង្គ្រាមរបស់ខ្លួន ចំពេលដែលលោកហៅថាជា “ទង្វើដែលមិនធ្លាប់មានពីមុនមក” នៃការប្រឈមមុខដាក់គ្នា ប្រឆាំងនឹងសហរដ្ឋអាមេរិក នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹង ដោយយោងតាម ទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េ (KCNA) ថា កាលពីថ្ងៃពុធ ថ្លែងនៅក្នុងកិច្ចប្រជុំចុងឆ្នាំ របស់ក្រុងព្យុងយ៉ាង នៃគណបក្សកម្មករ ដែលកំពុងកាន់អំណាច លោកគីមបានអំពាវនាវ ដល់វិស័យផ្សេងៗ រួមទាំងអាវុធនុយក្លេអ៊ែរ គ្រាប់បែក និងការការពារស៊ីវិល ឱ្យ “ពន្លឿនការត្រៀមរៀបចំសង្រ្គាមបន្ថែមទៀត” ។
ទីភ្នាក់ងារនេះបានបន្ថែមថា “លោក គីម បានដាក់ចេញនូវភារកិច្ចសកម្មប្រយុទ្ធ សម្រាប់កងទ័ពប្រជាជន និងឧស្សាហកម្មអាវុធ អាវុធនុយក្លេអ៊ែរ និងវិស័យការពារស៊ីវិល ដើម្បីពន្លឿនការត្រៀមធ្វើ សង្គ្រាមបន្ថែមទៀត។
បើតាម KCNA , លោក Kim ក៏បានព្រមានថា “ស្ថានភាពយោធា” នៅលើឧបទ្វីបកូរ៉េបានក្លាយទៅជា “ធ្ងន់ធ្ងរ” ដោយសារតែចលនាប្រឈមមុខដាក់គ្នា “ដែលមិនធ្លាប់មានពីមុនមក” ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកក្នុងតំបន់។ របាយការណ៍របស់ KCNA បានបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងទាំងនេះ លោក គីម ជុងអ៊ុន ក៏បាននិយាយផងដែរថា ទីក្រុងព្យុងយ៉ាងនឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្រ្តរបស់ខ្លួនជាមួយប្រទេស “ប្រឆាំងចក្រពត្តិនិយម” ឯករាជ្យ។
នៅក្នុងកិច្ចប្រជុំចុងឆ្នាំមុន លោក គីម បាននិយាយថា ទីក្រុងព្យុងយ៉ាងត្រូវតែ«បង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង»។
ទីក្រុងវ៉ាស៊ីនតោន រួមជាមួយទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ បានបង្កើនសមយុទ្ធយោធាក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បន្ទាប់ពីការធ្វើតេស្តអាវុធជាបន្តបន្ទាប់របស់ទីក្រុងព្យុងយ៉ាងក្នុងឆ្នាំនេះ។ កាលពីដើមខែធ្នូ សហរដ្ឋអាមេរិកបានដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទៅកាន់ទីក្រុងកំពង់ផែ Busan របស់កូរ៉េខាងត្បូង ហើយបានធ្វើសមយុទ្ធទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយជាមួយទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល។
ក្រុងព្យុងយ៉ាងបានពណ៌នាសមយុទ្ធយោធារួមបែបនេះថាជា «ចេតនាបង្កហេតុសង្គ្រាមនុយក្លេអ៊ែររបស់អាមេរិក»៕
ប្រែសម្រួលៈ ណៃ តុលា