ព័ត៌មានអន្តរជាតិ

Update៖ លោក ដូណាល់ ត្រាំ ត្រូវបានរដ្ឋ Maine សម្រេចដកសិទ្ធិមិនឲ្យឈរឈ្មោះ សម្រាប់ការបោះឆ្នោត ប្រធានាធិបតីអាមេរិក

Xinhua

Maine៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋលេខាធិការប្រជាធិបតេយ្យរបស់រដ្ឋ Maine បានដកសិទ្ធិរបស់អតីតប្រធានាធិបតីអាមេរិក គឺលោក ដូណាល់ ត្រាំ ចេញពីការឈរឈ្មោះបោះឆ្នោតបឋម របស់ប្រធានាធិបតីរបស់រដ្ឋនេះ ស្ថិតក្រោមមាត្រានៃការបះបោររបស់រដ្ឋធម្មនុញ្ញ ដោយក្លាយជាមន្ត្រីបោះឆ្នោតដំបូងគេ ដែលចាត់វិធានការជាឯកតោភាគី ខណៈដែលតុលាការកំពូលរបស់សហរដ្ឋអាមេរិក ត្រៀមនឹងសម្រេច ថាតើ ត្រាំ នៅតែមានសិទ្ធិបន្តយុទ្ធនាការ របស់គាត់ដែរឬយ៉ាងណា ។

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់រដ្ឋលេខាធិការ Shena Bellows ធ្វើតាមការសម្រេចកាលពីដើមខែធ្នូនេះ ដោយតុលាការកំពូលរដ្ឋ Colorado ដែលបានបណ្តេញលោក ត្រាំ ពីការឈរឈ្មោះក្នុងការបោះឆ្នោត នៅទីនោះក្រោមផ្នែកទី៣នៃវិសោធនកម្មលើកទី១៤ ហើយការសម្រេចចិត្តនោះត្រូវបានបន្តរហូត ដល់តុលាការកំពូលរបស់ សហរដ្ឋអាមេរិកសម្រេច ថាតើ លោក ត្រាំ ត្រូវបានរារាំងដោយបទប្បញ្ញត្តិ សម័យសង្គ្រាមស៊ីវិល ដែលហាមឃាត់អ្នកដែល “ចូលរួមក្នុងការបះបោរ” ពីការឡើងកាន់តំណែង ។

យុទ្ធនាការរបស់លោក ត្រាំ បានឲ្យដឹងថា ខ្លួននឹងប្តឹងទៅឧទ្ធរណ៍ចំពោះការសម្រេចចិត្តរបស់ Bellows ទៅកាន់តុលាការរដ្ឋ Maine ហើយ Bellows បានផ្អាកការសម្រេចរបស់នាងស្រី រហូតដល់ប្រព័ន្ធតុលាការនោះគ្រប់គ្រងលើករណីនេះ។ នៅទីបញ្ចប់ វាទំនងជាថា តុលាការកំពូលរបស់ប្រទេសនេះ នឹងមានការបរិយាយជាចុងក្រោយ ថាតើ លោក ត្រាំ អាចមានការចូលរួមឈរឈ្មោះ ក្នុងការបោះឆ្នោតក្នុងរដ្ឋ Maine និងនៅក្នុងរដ្ឋផ្សេងទៀតដែរឬយ៉ាងណា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top