បរទេស៖ ក្រសួងការពារជាតិចិន បានអំពាវនាវឱ្យប្រជាជាតិ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ឃ្លាំមើលការដាក់ពង្រាយយោធាអាមេរិកនៅក្នុងតំបន់ ដោយលើកឡើងពីផែនការរបស់មន្ទីរបញ្ចកោណ ក្នុងការកសាងឡើងវិញ នូវអាកាសយានដ្ឋានសម័យសង្គ្រាមលោកលើកទី២ នៅលើកោះតូចមួយ នៅភាគខាងជើងនៃកោះហ្គាំ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យយោធាចិនលោក Wu Qian បាននិយាយថា គម្រោងអាកាសយានដ្ឋានគ្រាន់តែជា មធ្យោបាយមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោនដើម្បី “រក្សាអនុត្តរភាពរបស់ខ្លួន” ដែលជាសកម្មភាពមួយដែលនឹងធ្វើឱ្យ មានការប្រឈមមុខដាក់គ្នាតែប៉ុណ្ណោះ។
លោកបាននិយាយថា “យោធាចិនកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះចលនារបស់សហរដ្ឋអាមេរិក ហើយនឹងការពារយ៉ាង រឹងមាំនូវសិទ្ធិដែនសមុទ្រ សន្តិសុខ និងអធិបតេយ្យភាពរបស់ចិននៅក្នុងតំបន់” ។
លោក Wu បានបន្តបរិហារការដាក់ពង្រាយបែបនេះថា ជាការចង្អុលបង្ហាញអំពី “ផ្នត់គំនិតសង្គ្រាមត្រជាក់” ដោយបានបន្ទរការថ្កោលទោស អតីតកាលនៃសកម្មភាពយោធា របស់សហរដ្ឋអាមេរិកនៅទូទាំងតំបន់ រួមទាំងការឆ្លងកាត់ជាប្រចាំ នៃច្រកសមុទ្រតៃវ៉ាន់ដែលមានជម្លោះ ដោយនាវាកងទ័ពជើងទឹកអាមេរិក ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
