ព័ត៌មានអន្តរជាតិ

ចិន បង្ហាញមុខរដ្ឋមន្រ្តីការពារជាតិថ្មី បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិមុន ត្រូវបានបណ្តេញចេញ

បរទេស៖ រដ្ឋាភិបាលចិន បានតែងតាំង មេបញ្ជាការកងទ័ពជើងទឹក របស់ខ្លួន ធ្វើជារដ្ឋមន្ត្រីការពារជាតិ។ ការផ្លាស់ប្តូរនេះកើតឡើង បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិមុន ត្រូវបានបណ្តេញចេញ កាលពីចុងខែតុលា ចំពេលមានរបាយការណ៍ អំពីការជាប់ពាក់ព័ន្ធ នៅក្នុងរឿងអាស្រូវ ពុករលួយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនជាតិ ដែលជាស្ថាប័នអចិន្ត្រៃយ៍ នៃស្ថាប័ននីតិប្បញ្ញត្តិ របស់ប្រទេសចិន បានធ្វើការសម្រេចចិត្តជាបន្តបន្ទាប់ រួមទាំងការតែងតាំង ឧត្តមនាវីទោ Dong Jun ជារដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ។ បុរសអាយុ ៦២ ឆ្នាំរូបនេះ បានឡើងឋានៈជាលំដាប់អស់រយៈពេលជាច្រើនឆ្នាំហើយក្លាយជាមេទ័ពនៅឆ្នាំ ២០២១ ។

មុនពេលឡើងកាន់តំណែង ជាកងទ័ពជើងទឹក លោក Dong បានបម្រើការជាមេបញ្ជាការរងនៃបញ្ជាការ Southern Theater ដែលទទួលខុសត្រូវលើប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង ដែលជាសង្វៀនដែលសម្បូរ ទៅដោយភាពតានតឹងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនជុំវិញបញ្ហាកោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯងដែលប្រទេសចិនអះអាងថាជាផ្នែកមួយ នៃទឹកដីអធិបតេយ្យភាព របស់ខ្លួន។

ទំនាក់ទំនងរវាងចិន និងអាមេរិក កាន់តែមានភាពជូរចត់នៅឆ្នាំនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានអនុម័តការលក់យោធាបរទេស ទៅឱ្យទីក្រុងតៃប៉ិ ហើយខណៈដែលមន្ត្រីអាមេរិកជាច្រើននាក់ រួមទាំងអតីតប្រធានសភា លោកស្រី Nancy Pelosi បានធ្វើដំណើរទៅកាន់កោះនេះ។ ទីក្រុងប៉េកាំងបានហៅទង្វើនេះថាជាការរំលោភ លើអធិបតេយ្យភាព របស់ប្រទេសចិន និងការប៉ុនប៉ងធ្វើឱ្យខូចស្ថិរភាពក្នុងតំបន់។

ការតែងតាំងរបស់លោក Dong កើតឡើងបន្ទាប់ពីទីក្រុងប៉េកាំងបានបណ្តេញ អតីតរដ្ឋមន្ដ្រីការពារជាតិគឺលោក Li Shangfu នៅចុងខែតុលា ដោយមិនបានផ្តល់ការពន្យល់ជាសាធារណៈចំពោះការបណ្តេញចេញនោះទេ។ មុន​នោះ គេមិន​បាន​ឃើញ​គាត់​ជា​សាធារណៈ​ទេ​តាំង​ពី​ខែ​សីហា ដែល​ជំរុញ​ឲ្យ​មាន​ការ​រំពឹង​ទុក​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក​ខាង​លិច។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងខែកញ្ញា ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ដោយដកស្រង់ប្រភពជាច្រើនថា លោក Li កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទពុករលួយក្នុងអំឡុងពេលទិញសម្ភារៈយោធា៕

ប្រែសម្រួលៈ ណៃ តុលា

To Top