បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បន្ទាប់ពីបានសន្យាថានឹង ធានាសន្តិសុខ នៅក្នុងតំបន់សមុទ្រអារ៉ាប់ ក្នុងការឆ្លើយតបទៅនឹង ការវាយប្រហារ របស់ពួកឧទ្ទាម Houthi លើនាវាជំនួញ កងនាវាចរឥណ្ឌា តាមសេចក្តីរាយការណ៍ បានបង្កើនការដាក់ពង្រាយ នាវាចម្បាំង របស់ខ្លួន។
កាសែត Hindustan Times បានរាយការណ៍កាលពីថ្ងៃសុក្រថា នាវាពិឃាតមីស៊ីល ដឹកនាំចំនួន៥គ្រឿង កំពុងតាមដានស្ថានភាព ពីសមុទ្រក្រហមទៅកាន់ឆ្នេរសមុទ្រភាគខាងលិច ប្រទេសឥណ្ឌា។
ក្នុងនោះផងដែរ និយាយទៅកាន់កាសែត មន្ត្រីដែលឃ្លាំមើលការវិវត្តន៍ទាំងនេះបាននិយាយថា ស្ថានភាពនៅក្នុងសមុទ្រ គឺស្ថិតនៅលើភាពមុតស្រួច ងាយនឹងបង្ករបួសការប៉ះទង្គិចគ្នា យ៉ាងខ្លាំង។
គួរឲ្យដឹងដែរថា ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីការដាក់ពង្រាយនាវា ពិឃាតចំនួន៣គ្រឿងកាលពី លើកមុន និងការចាប់ផ្តើម ការស៊ើបអង្កេតលើ ការវាយប្រហារលើ MV Chem Pluto ដែលជានាវា ពាណិជ្ជករ ដែលត្រូវបានវាយប្រហារ នៅឆ្នេរសមុទ្រឥណ្ឌា កាលពីថ្ងៃសុក្រសប្តាហ៍មុន៕
ប្រែសម្រួល៖ស៊ុនលី