អង់ការ៉ា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ថា លោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុងការបង្ហោះ នៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា ជា Twitter បានឲ្យដឹងថា កងកម្លាំងសន្តិសុខតួកគី បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា កងកម្លាំងសន្តិសុខតួកគី បានឃុំខ្លួនសមាជិកសង្ស័យ របស់រដ្ឋឥស្លាម ហៅកាត់ថា (IS) ចំនួន១៨៩នាក់នៅក្នុងប្រតិបត្តិការមួយ ដែលមានឈ្មោះថា “Heroes-38” នៅទូទាំងខេត្តចំនួន៣៧ នៅក្នុងប្រទេសនេះ ។
ជនសង្ស័យភាគច្រើន ត្រូវបានឃុំខ្លួនក្នុងរដ្ឋធានីអង់ការ៉ា ។ ក្នុងពេលតំណាលគ្នានេះដែរ មានមនុស្សចំនួន២២នាក់ ត្រូវបានចាប់ខ្លួន នៅទីក្រុងអ៊ីស្តង់ប៊ុល ដែលមានប្រជាជន រស់នៅច្រើនបំផុត របស់ប្រទេសនេះ ។
លោក Yerlikaya បានថ្លែងថា “អរគុណចំពោះការអធិស្ឋាន របស់ប្រទេសជាតិ របស់យើង និងការខិតខំប្រឹងប្រែង ដ៏ខ្ពង់ខ្ពស់ របស់កងកម្លាំងសន្តិសុខរបស់យើង យើងនឹងបន្តការតស៊ូ របស់យើងដោយគ្មានការរំខាន ណាមួយឡើយ” ។
រដ្ឋាភិបាលតួកគីបានចាត់តាំង ក្រុមរដ្ឋឥស្លាម ជាអង្គការភេរវករនៅក្នុងឆ្នាំ២០១៣ ដោយបានស្តីបន្ទោសចំពោះការវាយប្រហារ ដ៏សាហាវ នៅក្នុងប្រទេសនេះ ចាប់តាំងពីឆ្នាំ២០១៥ ៕
ដោយ៖ ម៉ៅ បុប្ផាមករា