ឆ្នាំ២០២៣ ទើបបិទបញ្ចប់ បានរំលេចយ៉ាងច្បាស់ ពីកិច្ចខិតខំប្រឹងតស៊ូ របស់ប្រជាជនចិន ដែលបានធ្វើដំណើរទៅមុខ យ៉ាងអង់អាចក្លាហាន ឆ្លងកាត់ព្យុះភ្លៀង ហើយទទួលបានសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើនរួម មានយន្តហោះខ្នាតយក្សC919 ដែលបានសម្រេចការហោះហើរខាងពាណិជ្ជកម្ម នាវាទេសចរណ៍ធុនធំ ដែលផលិតក្នុងប្រទេសចិន បានសម្រេចការសាកល្បង ធ្វើនាវាចរណ៍ យានអវកាសស៊េរី Shenzhou ត្រូវបានបាញ់បង្ហោះ ទៅទីអវកាស ជាបន្តបន្ទាប់ នាវាមុជទឹកFendouzhe បានមុជចុះក្នុងជម្រៅទឹកជ្រៅបំផុត ។ ក្នុងន័យនេះ ប្រវត្តិសាស្ត្រគឺជាកញ្ចក់ឆ្លុះមុខ ពោលគឺមាន តែ តាមរយៈការទទួល យកមេរៀន ពីប្រវត្ដិសាស្ដ្រនោះទេ ទើបអាចឲ្យពិភពលោក ជៀសផុតពីការកើតឡើង សារជាថ្មីនូវទុក្ខ លំបាកកាលពីអតីតកាលបាន ។ ប្រទេសចិន តែងសម្លឹង មើលប្រវត្ដិសាស្ដ្រ ដោយភាពស្ញប់ស្ញែង និងតាមរយៈការមើលគ្រប់ជ្រុងជ្រោយ នូវមនសិការរបស់មនុស្សជាតិ។ ជាការពិតដែលថា អតីតកាល មិនអាចត្រូវបានផ្លាស់ប្តូរនោះឡើយ ប្រទេសចិនតែងអាចរៀបចំ អនាគតថ្មីប្រកបដោយវឌ្ឍនភាព ក្រោមស្មារតីខំប្រឹងតស៊ូ ដែលជាលទ្ធផលនៅក្នុងប្រទេសចិន ទីណាៗ ក៏សុទ្ធតែពោរពេញទៅដោយការច្នៃប្រឌិតថ្មី។ ជាក់ស្តែង ម៉ាកផលិតផលល្បីៗ «Made In China» របស់ប្រទេសចិន ដែលទទួលបានការពេញ និយមកាន់តែច្រើនឡើងៗ ដូចជាទូរស័ព្ទដៃ រថយន្តដែលប្រើប្រាស់ថាមពលស្អាត អាគុយលីចូម ជាដើម។
ឆ្នាំ២០២៣ ដែលទើបបិទបញ្ចប់ ប្រទេសចិន បានលាតត្រដាងពីការបន្តវេន និងផ្សព្វផ្សាយនូវអរិយធម៌អេកូឡូស៊ី ដែលជាសុខដុមនីយកម្ម រវាងមនុស្សនិងធម្មជាតិ ដូចទៅនឹងស្ថានភាពជាក់ស្តែង នៃជីវភាពរស់នៅរបស់ប្រជាជនចិន ស្ថិតក្នុងបរិបទនៃកាបូនទាបបានក្លាយ ទៅជារបៀបរស់នៅ ដ៏ទាន់សម័យជាបណ្តើរៗ ដូចទៅនឹងការប្តេជ្ញាចិត្ត របស់ទស្សនាវដ្តី«Qiushi» លេខ១ ដែលនឹងបោះពុម្ពផ្សាយ នៅទី១ នៃឆ្នាំ២០២៤ ស្តីពី«ជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការធ្វើទំនើបកម្ម នៃការរួមរស់នៅ ដោយសុខដុមរមនា រវាងមនុស្សនិងធម្មជាតិ តាមរយៈការកសាងប្រទេសចិន ដ៏ស្រស់ស្អាត» ដោយដកស្រង់សុន្ទរកថាមួយផ្នែករបស់លោកប្រធានរដ្ឋចិនកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ។ នេះជាការបញ្ជាក់ថា បរិយាកាស រស់នៅប្រកប ដោយគំរូភាព បៃតងរបស់ប្រជាជនចិន បានក្លាយជាគំរូភាព នៃភាពកក់ក្តៅនិងភាពមមាញឹក ក្នុងការស្តារឡើងវិញ បានបង្ហាញពីការ ស្វែងរកភាពល្អបវរ និង សុភមង្គល របស់មនុស្សគ្រប់រូប ហើយក៏បានបង្ហាញ ពីប្រទេសចិន ដែលប្រកបដោយភាពរស់រវើក និងកម្លាំងចលករផងដែរ ។ បន្ថែមពីលើនេះ ក្នុង នាមជាប្រទេស មហាអំណាច ប្រទេសចិនមិនត្រឹម តែអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏បានឱបក្រសោប ពិភពលោកយ៉ាង សកម្មផងដែរ តាមរយៈកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល វេទិកាកំពូលអន្តរជាតិសម្រាប់កិច្ចសហប្រតិបត្តិការ«ខ្សែក្រវាត់និងផ្លូវ»លើកទីបី ព្រឹត្តិការណ៍ការទូតដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ បានអបអរស្វាគមន៍មិត្តភក្តិមកពីជុំវិញពិភពលោក សុទ្ធសឹងជាសក្ខីភាព ដែលប្រវត្តិវិទូកំណត់កត់ត្រា បញ្ចូលក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។
ឆ្នាំ២០២៤ សារជូនពរ របស់លោក Xi Jinping ប្រធានរដ្ឋចិន បានផ្តល់ឫទ្ធានុភាពដល់ស្មារតីទទួលអំណរ រីករាយពីសំណាក់មនុស្ស ជាតិ ដើម្បីបង្កើនកម្លាំងពង្រឹង ប្រាជ្ញាចិន ស្តីពីកិច្ចកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ ក្នុងកិច្ចរួមចំណែកដោះស្រាយបញ្ហា សកលដែលជាពិសេសរួមកម្លាំងគ្នា ពន្លត់ភ្លើងសង្គ្រាមដល់តំបន់មួយចំនួន ដែលបានឆាបឆេះនៅក្នុងឆ្នាំ២០២៣។ ជាសច្ចភាពដែលយើងមិន អាចប្រកែកបាន នោះគឺ«សន្តិភាព និងការអភិវឌ្ឍ» គឺជាសេចក្តីប្រាថ្នារបស់មនុស្សជាតិ ហើយគោលដៅនេះនឹងនៅកៀកជាប់នឹងពិភពលោក ដរាបណាមនុស្សជាតិជ្រោង ទង់ប្រាជ្ញាចិនដោយបន្តដំណើរឆ្ពោះទៅមុខនៅលើផ្លូវម៉ារ៉ាតុង នៃសន្តិភាពនិងការអភិវឌ្ឍ ដូចទៅនឹងប្រសាសន៍ របស់លោកប្រធានរដ្ឋចិន ដែលបានគូសរំលេចថា «ប្រជាជនចិនយល់ដឹងច្បាស់ណាស់ នូវតម្លៃនៃសន្តិភាព ប្រជាជនចិនរីករាយរួមជាមួយ សហគមន៍អន្តរជាតិ គិតគូរពីអនាគត នៃមនុស្សជាតិ និងសុខុមាលភាពនៃប្រជាជន ដើម្បីជំរុញការកសាង សហគមន៍ វាសនារួម នៃមនុស្សជាតិ និងកសាងពិភពលោកកាន់តែល្អបវរ» ហើយអនាគតរបស់មនុស្សជាតិ គឺ«គោលដៅដ៏ធំនៃការកសាង សហគមន៍រួមវាសនា តែមួយរបស់មនុស្សជាតិ ត្រូវការមនុស្សជំនាន់ក្រោយរត់បណ្ដាក់ ពីមួយជំនាន់ទៅមួយជំនាន់ទើបអាចសម្រេចបាន»។ គំនិតផ្តួចផ្តើមទាំង៤ «ខ្សែក្រវាត់និងផ្លូវ» «អភិវឌ្ឍសកល» «សន្តិសុខសកល» និង «អរិយធម៌សកល» ដែលបានផ្តួចផ្តើមដោយលោកប្រធាន រដ្ឋចិនសុទ្ធសឹងជាទឡ្ហីករណ៍ ប្រកបដោយលក្ខណៈវិទ្យាសាស្រ្តក្នុងការចូលរួម ដោះស្រាយបញ្ហាសកល ហើយផ្តល់មកវិញនូវសុខដុមនីយកម្ម ដល់សង្គមមនុស្សស្របតាមប្រាជ្ញាចិន ស្តីពីកិច្ចកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ។
ឆ្នាំ២០២៤ តាមរយៈសារលិខិតជូនពរ របស់លោកប្រធានរដ្ឋចិន បានបញ្ជាក់យ៉ាងប្រត្យក្ស ពីការលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយនវានុវត្តភាព នៃសេដ្ឋកិច្ច ដើម្បីវិបុលភាពរួម ។ សេដ្ឋកិច្ចពិភពលោកក្នុងការស្តារខ្លួនឯងឡើងវិញ កំពុងស្ថិតលើវិធីដ៏ពិបាកនិងស្មុគស្មាញ ។ លោកប្រធានរដ្ឋចិនបានផ្តល់នូវ ដំណោះស្រាយរបស់បញ្ហាទាំងនេះ គឺស្ថិតនៅលើការអភិវឌ្ឍ ដែលផ្តោតលើនវានុវត្តន៍ ដែលនឹងបង្កើតជាជើងមេឃថ្មី។ ជាក់ស្តែង ប្រទេសចិនប្រកាន់ខ្ជាប់ នូវការស្វែងរកការរីកចម្រើន ក្នុងភាពនឹងនរជំរុញស្ថិរភាព តាមរយៈការរីកចម្រើនទៅមុខ ពង្រឹងនិងពង្រីកនិន្នាការ សេដ្ឋកិច្ចដែលបាននិងកំពុងស្តារឡើងវិញ និងមានភាពប្រសើរឡើង ដើម្បីសម្រេចឱ្យសេដ្ឋកិច្ចដំណើរការ ដោយនឹងនរនិងយូរអង្វែង។ បន្ថែមពីលើនេះ ប្រទេសចិនធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ និងបើកទូលាយ លើកកម្ពស់ថែមទៀតនូវជំនឿចិត្តខាងការអភិវឌ្ឍ បង្កើនភាពរស់រវើកនៃសេដ្ឋកិច្ច បង្កើនកម្លាំងជំរុញវិស័យអប់រំ លើកកម្ពស់កម្រិតវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្ស ។
ឆ្នាំ២០២៤ មនុស្សជាតិត្រៀមទទួលអំណរ រីករាយជាមួយប្រជាជនចិន ដើម្បីអបអរសាទរខួប៧៥ឆ្នាំ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាការបោះជំហាន ដ៏ស្វាហាប់នៅក្នុងភាពរុងរឿងដ៏មហិមា នៃការស្តារប្រជាជាតិចិនឡើងវិញ ។ ពិភពលោកកំពុងសាទរ នឹងផលដ៏មហិមាដែលប្រទេសចិនទទួលបានតាមរយៈ«ការធ្វើទំនើបកម្ម តាមបែបផែនចិន» ដោយមានលោក Xi Jinping ប្រធានរដ្ឋចិនជាស្នូល ប្រទេសចិនបាននិងកំពុង អនុវត្តយ៉ាងល្អពេញលេញ ត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយនូវគំនិតអភិវឌ្ឍន៍ថ្មី ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ជំរុញការអភិវឌ្ឍ ប្រកប ដោយគុណភាពខ្ពស់ គ្រោងផែនការទូទៅសម្រាប់ការអភិវឌ្ឍនិងសន្តិសុខ ហើយពិភពលោក ក៏មានវិបុលភាពរួម តាមរយៈកិច្ច សហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយរួមគ្នាចាប់យកនូវកាលានុវត្តភាពតាមរយៈបដិវត្តន៍ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្មី និងការផ្លាស់ប្តូរផ្នែកឧស្សាហកម្ម ផ្លាស់ប្តូរគំរូនៃកំណើនសេដ្ឋកិច្ច ជំរុញកំណើនសេដ្ឋកិច្ចតាមវិធីប្រើប្រាស់ នវានុវត្តន៍ ហើយបង្កើនប្រសិទ្ធភាពកម្លាំងផលិតកម្ម និងការច្នៃប្រឌិតបន្ថែមទៀត ដោយគាំទ្រ ដល់ប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី ដែលមានលក្ខណៈបើកចំហកាន់តែធំ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ហើយកសាង សេដ្ឋកិច្ចពិភពលោក មួយដែលបើកចំហ ដូចដែលជនជាតិចិនធ្លាប់បាននិយាយថា«មហាសមុទ្រធំល្វឹងល្វើយ ពីព្រោះវាទទួលទឹក មកពីគ្រប់ទន្លេទាំងអស់»។
ជារួម សារជូនពរឆ្នាំថ្មី ឆ្នាំ២០២៤ របស់លោក Xi Jinping ប្រធានរដ្ឋចិន បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាសកលក្នុងឆ្នាំ២០២៣ កន្លងមក បានបង្រៀនឲ្យមនុស្សជាតិ យល់យ៉ាងច្បាស់ថា «កិច្ចកសាង សហគមន៍ជោគវាសនា រួមនៃមនុស្សជាតិ» គឺជាដំណោះស្រាយដ៏ប្រសើរបំផុត ដែលតែងបានលើកទឹកចិត្ត ដល់ប្រទេសទាំងអស់ត្រូវរួមកម្លាំងគ្នា ពង្រឹងការសម្របសម្រួល និងកែលម្អអភិបាលកិច្ច ដើម្បីធានានូវការរីកចម្រើន នៃ សកលភាវូបនីយកម្មសេដ្ឋកិច្ច ហើយធ្វើឲ្យសកលភាវូបនីយកម្មសេដ្ឋកិច្ចនោះកាន់តែបើកចំហ ប្រកបដោយបរិយាប័ន្ន មានតុល្យភាព និងមានប្រយោជន៍សម្រាប់មនុស្សជាតិ ។ សារជូនពរឆ្នាំថ្មីរបស់លោកប្រធានរដ្ឋចិន បាននិងបន្តលើកទឹកចិត្តដល់ពិភពលោក ដើម្បីផ្តល់ជូនដល់មនុស្សជាតិ តាមរយៈកិច្ចបង្កបរិយាកាសសង្គម ប្រកបដោយភាពកក់ក្តៅ និងភាពចុះសម្រុងគ្នា ពង្រីកលំហនវានុវត្តន៍ដែលប្រកបដោយភាពបរិយាបន្ននិងភាពរស់រវើក បង្កលក្ខណសម្បត្តិ រស់នៅប្រកបដោយភាពងាយស្រួលនិងផាសុកភាព ដើម្បីធ្វើឱ្យមនុស្សជាតិទាំងអស់គ្នា មានទឹកចិត្តសប្បាយរីករាយ ជីវិតរស់នៅប្រកប ដោយអត្ថន័យ និងសម្រេចក្តីសុបិន របស់ខ្លួន ពោលគឺប្រទេសចិនបានត្រៀមខ្លួននិង រំពឹងទុកជាមុនថាឆ្នាំ២០២៤ ពិភពលោកនឹងរួមកម្លាំងគ្នាផលិត «នំខេកផលប្រយោជន៍» ឲ្យបានកាន់តែធំជាងមុន ហើយចែករំលែកផលប្រយោជន៍ ឲ្យបានត្រឹមត្រូវដល់មនុស្សជាតិ ដើម្បីធានានូវភាពយុត្តិធម៌ និងសមធម៌ ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកគណៈប្រតិបត្តិ សមាគមមិត្តភាពកម្ពុជា-ចិន
