ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង៖ ការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជាផ្លូវត្រូវសម្រាប់ចិន និងអាមេរិក

xinhua

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញរួចហើយ ហើយនឹងបន្តបង្ហាញឱ្យឃើញយ៉ាងពេញលេញថា ការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ គឺជាវិធីត្រឹមត្រូវ សម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិក ដើម្បីទទួលបានការរស់នៅជាមួយ​គ្នា​ជា​ប្រទេស​សំខាន់​ពីរ។

លោក ស៊ី បានលើកឡើងថា នោះគួរតែជាទិសដៅនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលធ្វើឡើងដោយប្រទេសចិន និងសហរដ្ឋអាមេរិកក្នុងយុគសម័យថ្មី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទនេះ បានអំពាវនាវឱ្យប្រទេសចិន និងសហរដ្ឋអាមេរិក អនុវត្តដោយស្មោះនូវការយល់ដឹង និងលទ្ធផលរួមសំខាន់ៗ ដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន ហើយចាត់វិធានការជាក់ស្តែង ដើម្បីលើកកម្ពស់ស្ថិរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃទំនាក់ទំនងរវាងប្រទេសចិន-អាមេរិក។

ប្រធានាធិបតី​ចិន​បាន​ថ្លែង​សុន្ទរកថា​ក្នុង​សារ​អបអរសាទរ​ផ្ញើ​ជូន​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន ដើម្បី​ប្រារព្ធ​ខួប​លើក​ទី៤៥ នៃ​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ទាំងពីរ។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានផ្លាស់ប្តូរសារអបអរសាទរគ្នាទៅវិញទៅមកនៅថ្ងៃចន្ទនេះ ដើម្បីប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។

នៅក្នុងសាររបស់គាត់ លោក ស៊ី បានឲ្យដឹងថា ការបង្កើតទំនាក់ទំនងការទូតរវាងចិន និងសហរដ្ឋអាមេរិក គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី និងអន្តរជាតិ។

លោក ស៊ី បានលើកឡើងថា ក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ ទំនាក់ទំនងចិន-អាមេរិក បានឆ្លងកាត់ការឡើងចុះ និងឆ្ពោះទៅមុខទាំងមូល ដែលមិនត្រឹមតែបានលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោកផងដែរ។

ប្រវតិ្តសាស្រ្តបានបង្ហាញឱ្យឃើញរួចហើយ ហើយនឹងបន្តបង្ហាញឱ្យឃើញយ៉ាងពេញលេញថា ការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ គឺជាវិធីត្រឹមត្រូវ សម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិកក្នុងការចុះសម្រុងគ្នាជាប្រទេសសំខាន់ពីរ។

លោកបានលើកឡើងថា នោះគួរតែជាទិសដៅនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលធ្វើឡើងដោយប្រទេសចិន និងសហរដ្ឋអាមេរិកក្នុងយុគសម័យថ្មី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ស៊ី បានចង្អុលបង្ហាញថា លោក និងលោក បៃដិន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៅ សាន់ហ្វ្រាន់ស៊ីស្កូ បានដាក់ចេញនូវ “ចក្ខុវិស័យទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ” ដែលផ្តោតលើអនាគត ដែលបង្ហាញពីដំណើរឆ្ពោះទៅរកការអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងប្រទេសចិន-សហរដ្ឋអាមេរិក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top