ព័ត៌មានអន្តរជាតិ

មនុស្ស ​១៣​នាក់ ​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដីកម្រិត ៧,៦រ៉ិចទ័រនៅភាគកណ្ដាលជប៉ុន​

រូបភាពពី៖​ Kyodo

តូក្យូ៖ យ៉ាងហោចណាស់មនុស្ស ១៣ នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់នៅក្នុងការរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារឧបទ្វីបណូតូ និងតំបន់ជុំវិញនៅកណ្តាលប្រទេសជប៉ុន នៅថ្ងៃចូលឆ្នាំសកល ខណៈដែលមានរបាយការណ៍អំពីការខូចខាតកាន់តែច្រើន​ ហើយក្រុមអ្នកជួយសង្គ្រោះបាន​និងកំពុងស្វែងរកអ្នករស់រានមានជីវិតនៅថ្ងៃអង្គារនេះ។

ការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រ បានបណ្តាលឱ្យមានការខូចខាតរចនាសម្ព័ន្ធ និងអគ្គីភ័យយ៉ាងទូលំទូលាយនៅក្នុងទីក្រុង Wajima ក្នុងខេត្ត Ishikawa ហើយអណ្តាតភ្លើងនៅតែឆាបឆេះនៅក្នុងតំបន់មួយចំនួន ខណៈដែលការបន្តការរញ្ជួយដី និងកម្ទេចថ្មនៅតាមដងផ្លូវបានរារាំងដល់ប្រតិបត្តិការជួយសង្គ្រោះ។

មន្ត្រី​ក្រុង​បានឲ្យដឹង​ថា អ្នក​ស្លាប់​រួម​មាន​ជន​រង​គ្រោះ​៧​នាក់​នៅ​មន្ទីរពេទ្យ​ក្រុង Wajima នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ការព្រមានអំពីរលកយក្សស៊ូណាមិ ដែលគ្របដណ្តប់តំបន់យ៉ាងទូលំទូលាយតាមបណ្តោយសមុទ្រជប៉ុនត្រូវបានដកចេញនៅព្រឹកថ្ងៃអង្គារ បន្ទាប់ពីរលកខ្ពស់បំផុតប្រហែល ១,២ ម៉ែត្របានទៅដល់កំពង់ផែ Wajima កាលពីយប់ថ្ងៃចន្ទ បន្ទាប់ពីការរញ្ជួយនៅម៉ោង ៤ និង ១០នាទីរសៀល។ ​

វីដេអូដែលថតដោយប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK នៅព្រឹកថ្ងៃអង្គារនេះ បង្ហាញពីអគារកម្ពស់ ៧ជាន់បានដួលរលំនៅចំហៀង ហើយភ្លើងនៅតែកំពុងឆាបឆេះនៅតំបន់កណ្តាលនៃទីក្រុង Wajima ដែលត្រូវបានគេស្គាល់ថា ជាផ្សារលក់ដូរនៅពេលព្រឹក។

មន្ត្រីរដ្ឋបាលខេត្ត Ishikawa បានឲ្យដឹងថា អគ្គីភ័យបានលេបត្របាក់អគារជាង ២០០ ប៉ុន្តែឱកាសនៃការរីករាលដាលបន្ថែមទៀតគឺតិចតួច៕ ប្រែសម្រួល ឈូក បូរ៉ា

To Top