ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ​បាញ់​ផ្លោង​ លើ​ទីតាំងជាច្រើននៅ​ស៊ីរី ​បន្ទាប់​ពីក្រុម​សកម្មប្រយុទ្ធ បើកការ​វាយ​ប្រហារ តំបន់​ Golan Heights

Xinhua

យេរ៉ូសាឡឹម៖ ក្រុមសកម្មប្រយុទ្ធក្នុងប្រទេសស៊ីរី បានបាញ់កាំជ្រួចទៅលើការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ Golan Heights ដែលកាន់កាប់កាលពីថ្ងៃចន្ទ ដោយជំរុញឱ្យមានការបាញ់ ផ្លោងសងសឹកពីយោធា អ៊ីស្រាអែល នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ គាំទ្ររដ្ឋាភិបាលស៊ីរី និង ជាអ្នកឃ្លាំមើលសង្គ្រាម។

វិទ្យុ Sham FM ដែលគាំទ្ររដ្ឋាភិបាលបានរាយការណ៍ថា ដីកសិកម្មក្នុងខេត្ត Daraa ជាប់ព្រំដែន ជាមួយនឹងតំបន់ Golan Heights បានទទួលការខូចខាត ដោយសារការបាញ់កាំភ្លើងធំរបស់អ៊ីស្រាអែល ដោយបន្ថែមការវាយប្រហារនេះ បានកើតឡើងជាការឆ្លើយតប ទៅនឹងការបាញ់មីស៊ីលចំនួន ៤គ្រាប់ពីប្រទេសស៊ីរី ឆ្ពោះទៅកាន់ការតាំងទីលំនៅ របស់អ៊ីស្រាអែលចំនួនពីរ។

របាយ​ការណ៍​បានឲ្យដឹង​ថា ដី​ស៊ីរី​ដែល​បាន​កំណត់​គោល​ដៅ​គឺ​នៅ​ក្នុង​អាង Yarmouk Basin ភាគ​ខាង​លិច​នៃតំបន់ Daraa។ ប្រភព​បាន​បន្ថែម​ថា កាំជ្រួច​ស៊ីរី​បាន​ធ្លាក់​នៅ​ជិត​កន្លែង​តាំង​លំនៅ​របស់​អ៊ីស្រាអែល​នៃ Eliad និង Avnei Etan។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលជាអ្នកឃ្លាំមើលសង្រ្គាម ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឲ្យដឹងថា “ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់” បានបាញ់រ៉ុក្កែតឆ្ពោះ ទៅកាន់តំបន់ Golan Heights ដោយបង្កឱ្យមានការបាញ់ កាំភ្លើងធំរបស់អ៊ីស្រាអែល នៅក្នុងអាង Yarmouk ។

អ៊ីស្រាអែល ​បាន​បង្កើន​ការ​វាយ​ប្រហារ​ តាម​អាកាស​លើ​គោលដៅ​ ស៊ីរី​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ស្រប​ពេល​ជាមួយ​នឹង​យុទ្ធនាការ​យោធា​កំពុង​បន្ត​នៅ​តំបន់​ហ្គាហ្សា​ស្ទ្រីប។ ក្រសួងការបរទេសស៊ីរី បានថ្កោលទោសការវាយប្រហារកាលពីថ្ងៃសុក្រ ដោយទាមទារឱ្យមានចំណាត់ការយ៉ាងម៉ឺងម៉ាត់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបញ្ឈប់ពួកគេ។

សង្រ្គាមស៊ីវិលរយៈពេល ១២ ឆ្នាំរបស់ប្រទេសស៊ីរី បានធ្វើឱ្យរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក បាសា អាល់អាសាដ​ គាំទ្រដោយរុស្ស៊ី និងអ៊ីរ៉ង់ ប្រឆាំងនឹងក្រុមប្រឆាំងផ្សេងៗ ។ ទន្ទឹមនឹងនោះ អ៊ីស្រាអែល បានស្វែងរកជាយូរមកហើយ ដើម្បីការពារអ៊ីរ៉ង់ពីការបង្កើតវត្តមានយោធានៅក្នុងប្រទេសស៊ីរី ដោយធ្វើការវាយប្រហារ តាមអាកាសម្តងហើយម្តងទៀត ដើម្បីកំណត់គោលដៅ “ការផ្គត់ផ្គង់អាវុធរបស់អ៊ីរ៉ង់” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top