វ៉ាស៊ីនតោន៖ ថ្ងៃចូលឆ្នាំសកល ២០២៤ គឺជាខួបលើកទី៤៥ នៃការបង្កើតទំនាក់ទំនងការទូតចិន-អាមេរិក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទំនាក់ទំនង ចិន-អាមេរិក មានបទពិសោធន៍ឡើងចុះ ទោះបីជាវាមិនតែងតែមានភាពរលូនក៏ដោយ ប៉ុន្តែជាទូទៅវាបានរក្សាសន្ទុះទៅមុខ ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងពិភពលោក។
សព្វថ្ងៃនេះ ពាណិជ្ជកម្មទ្វេភាគីប្រចាំឆ្នាំមានទឹកប្រាក់ ៧៦០ ពាន់លានដុល្លារអាមេរិក ដែលគាំទ្រការងារជាង ២,៦ លាននៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រទេសចិន និងសហរដ្ឋអាមេរិក បានសហការគ្នាទៅវិញទៅមកលើបញ្ហាសកល រួមទាំងការប្រឆាំងភេរវកម្ម វិបត្តិហិរញ្ញវត្ថុ និងការប្រែប្រួលអាកាសធាតុ ដោយបានរួមចំណែកយ៉ាងសំខាន់ដល់សុខុមាលភាពពិភពលោក។
ទំនាក់ទំនងទ្វេភាគីបានប្រឈមមុខនឹងការលំបាកគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមនុស្សមួយចំនួននៅសហរដ្ឋអាមេរិក បានយល់ឃើញថាប្រទេសចិនជា “គូប្រជែងដ៏ធ្ងន់ធ្ងរបំផុតរបស់ពួកគេ” និងការអភិវឌ្ឍន៍របស់ប្រទេសចិនថា ជា “បញ្ហាប្រឈមភូមិសាស្ត្រនយោបាយដ៏ធ្ងន់ធ្ងរបំផុត” ។
ក្នុងនាមជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតរបស់ពិភពលោក ចិន-អាមេរិក។ ឥឡូវនេះទំនាក់ទំនងឈរនៅផ្លូវបំបែកដ៏សំខាន់មួយ ហើយថាតើប្រទេសទាំងពីរអាចស្តារឡើងវិញនូវទំនាក់ទំនងនេះគឺមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះផលប្រយោជន៍ជាមូលដ្ឋានរបស់ពួកគេ ក៏ដូចជាសន្តិភាពពិភពលោក ការអភិវឌ្ឍន៍ពិភពលោក និងអនាគតរបស់មនុស្សជាតិ។
នៅក្នុងសារអបអរសាទរមួយទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ដើម្បីប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរកាលពីថ្ងៃច័ន្ទ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញរួចហើយ ហើយនឹងបន្តបង្ហាញយ៉ាងពេញលេញថា ការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ គឺជាមធ្យោបាយដ៏ត្រឹមត្រូវ សម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិក ក្នុងការចុះសម្រុងគ្នាជាប្រទេសសំខាន់ពីរ។
លោក ស៊ី បានលើកឡើងថា នោះគួរតែជាទិសដៅនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដែលធ្វើឡើងដោយប្រទេសចិន និងសហរដ្ឋអាមេរិកក្នុងយុគសម័យថ្មី។
ពិភពលោកនៅតែមិនស្ងប់ ដោយមានវិបត្តិនៅអ៊ុយក្រែន ជម្លោះជាថ្មីនៅមជ្ឈិមបូព៌ា និងការស្ទុះងើបសេដ្ឋកិច្ចពិភពលោកដ៏យឺតយ៉ាវ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសធំៗទាំងពីរ គឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់។
កិច្ចប្រជុំកំពូលនៅសាន់ហ្វ្រាន់ស៊ីស្កូរវាងលោក ស៊ី និងលោក បៃដិន កាលពីក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវបានស្វាគមន៍យ៉ាងទូលំទូលាយ និងយ៉ាងកក់ក្តៅពីសហគមន៍អន្តរជាតិ និងតំណាងឱ្យឱកាសជាប្រវត្តិសាស្ត្រ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ។
លោក ស៊ី បានចង្អុលបង្ហាញថា លោក និងលោក បៃដិន ក្នុងអំឡុងពេលកិច្ចប្រជុំនៅសាន់ហ្វ្រាន់ស៊ីស្កូ បានដាក់ចេញនូវ “ចក្ខុវិស័យទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ” ដែលផ្តោតលើអនាគត ដែលបង្ហាញពីដំណើរឆ្ពោះទៅរកការអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងប្រទេសចិន-សហរដ្ឋអាមេរិក។
លោកបានអំពាវនាវឱ្យប្រទេសចិន និងសហរដ្ឋអាមេរិកអនុវត្តដោយស្មោះនូវការយល់ដឹង និងលទ្ធផលរួមសំខាន់ៗ ដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន ហើយចាត់វិធានការជាក់ស្តែង ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាព សុខភាពល្អ និងនិរន្តរភាពនៃទំនាក់ទំនងរវាងប្រទេសចិន-សហរដ្ឋអាមេរិក៕ ប្រែសម្រួល ឈូក បូរ៉ា