ព័ត៌មានអន្តរជាតិ

Update: អ្នកស្លាប់កើនដល់ ៥៥នាក់ ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា នៅប្រទេសជប៉ុន

AFP

បរទេស៖ យ៉ាងហោចណាស់មនុស្ស ៥៥ នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ដោយសារការរញ្ជួយដី ដ៏ខ្លាំងនៅថ្ងៃចូលឆ្នាំថ្មីដែលបានវាយប្រហារ នៅឆ្នេរសមុទ្រភាគខាងលិច នៃប្រទេសជប៉ុន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការខូចខាតជាច្រើនពីការរញ្ជួយដី ដែលទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា មានកម្រិត ៧.៦រ៉ិចទ័រ បានកើតឡើងនៅក្នុងខេត្ត Ishikawa លើកោះ Honshu ។ ផ្ទះ និង​អគារ​រាប់សិប​ខ្នង​ត្រូវ​បាន​បាក់រលំ ដោយ​មនុស្ស​ជាច្រើនបានជាប់​ក្នុង​គំនរ​បាក់បែក។

ផ្លូវថ្នល់ត្រូវបានបំបែកជាបំណែកៗ ហើយផ្លូវរត់ក្នុងអាកាសយានដ្ឋាន ក្នុងតំបន់យ៉ាងហោចណាស់មួយបានប្រេះ ដែលធ្វើឱ្យមន្ត្រីសង្គ្រោះបន្ទាន់ ពិបាកវាយតម្លៃការខូចខាត។

ការរញ្ជួយដីនេះបានបង្កឱ្យ មានរលកយក្សស៊ូណាមិ ដែលមានកម្ពស់ជាងមួយម៉ែត្រ ដែលបានបោកបក់ពាសពេញតំបន់ ចំណែករថយន្ត និងផ្ទះ ត្រូវបានរុញចូលទៅក្នុងសមុទ្រ និងបានបំផ្លាញទូកនេសាទជាច្រើន។

ការខូចខាតយ៉ាងធ្ងន់ធ្ងរនៅ Ishikawa បានកើតឡើងនៅក្នុងទីក្រុងកំពង់ផែ Wajima ដែលល្បីល្បាញសម្រាប់ទីផ្សារពេលព្រឹក ។ គ្រោះរញ្ជួយដីនេះ បានបង្កឲ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ដែលបានបំផ្លាញអគារជាច្រើនខ្នងផងដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top