ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ដោយសារ គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនៅជប៉ុន កើនឡើងដល់ ៦២នាក់ហើយ

AFP

វ៉ាជីម៉ា៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា ក្រុមអ្នកជួយសង្គ្រោះជប៉ុនបានព្យាយាម ស្វែងរកអ្នកនៅរស់រានមានជីវិតនៅថ្ងៃពុធនេះ ខណៈដែលអាជ្ញាធរបានព្រមានអំពីគ្រោះបាក់ដី និងភ្លៀងធ្លាក់ចុះខ្លាំងក្រោយពី មានការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានបណ្តាលឲ្យ ស្លាប់មនុស្សតិចបំផុតចំនួន ៦២នាក់ ។

គ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័រ កាលពីថ្ងៃទី១ ខែមករា ដែលបានវាយប្រហារមកលើខេត្ត Ishikawa នៅលើកោះសំខាន់នៃ ខេត្ត Honshu បានបង្កឱ្យមានរលកយក្សស៊ូណាមិ ដែលមានកម្ពស់ជាង១ម៉ែត្រ បង្កឱ្យមានអគ្គីភ័យឆាបឆេះ និងធ្វើឲ្យដាច់ផ្លូវថ្នល់ ។

ឧបទ្វីប Noto នៃខេត្តត្រូវបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត ដោយអគារជាច្រើនរយត្រូវបាន បំផ្លិចបំផ្លាញដោយអគ្គីភ័យ និងផ្ទះបានដួលរលំនៅក្នុងទីក្រុងជាច្រើន រួមទាំង Wajima និង Suzu ដូចដែលបានបង្ហាញឲ្យឃើញ ដោយរូបភាពផ្កាយរណបនៅមុន និងក្រោយដែលបានចេញផ្សាយនៅថ្ងៃពុធនេះ ។

នៅថ្ងៃពុធនេះ រដ្ឋាភិបាលក្នុងតំបន់បានប្រកាសថា មានមនុស្សចំនួន៦២នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ និងជាង៣០០នាក់បានរងរបួស ក្នុងនោះរួមមាន២០នាក់ ក្នុងចំណោមពួកគេមានស្ថានភាពធ្ងន់ធ្ងរ ។

ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើងថែមទៀត ខណៈដែលក្រុមអ្នកជួយសង្គ្រោះ កំពុងប្រឈមនឹងមុខនឹងការរញ្ជួយដី និងអាកាសធាតុមិនអំណោយផល ដើម្បីបំបែកដុំថ្មនៅតាម គំនរបាក់បែកអគារទាំងនោះ ។

រដ្ឋាភិបាលបានបញ្ជាក់ថា មនុស្សជាង ៣១.៨០០នាក់ រស់នៅកំពុងរស់នៅក្នុងជម្រក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top