ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់ ផ្អាកកិច្ចចរចា ជាមួយអ៊ីស្រាអែល បន្ទាប់ពីមេដឹកនាំរងរបស់ខ្លួន ត្រូវបានសម្លាប់ នៅទីក្រុងបេរូត

រូបភាព៖​Xinhua

ហ្គាហ្សា៖ ប្រភពពីប៉ាឡេស្ទីន បានប្រាប់ស៊ីនហួថា ក្រុមហាម៉ាស បានប្រកាសពីការផ្អាកលើការចរចា បទឈប់បាញ់ ជាមួយអ៊ីស្រាអែល បន្ទាប់ពីអនុប្រធានរបស់ខ្លួន គឺលោក Saleh al-Arouri ត្រូវបានសម្លាប់ កាលពីល្ងាចថ្ងៃអង្គារ នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់។

ប្រភពបានឲ្យដឹង ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះថា “យើងបានជូនដំណឹងដល់បងប្អូននៅកាតា និងអេហ្ស៊ីប អំពីការបង្កកការចរចា” ដែលប្រទេសកាតា និងអេហ្ស៊ីប បាននិងកំពុងសម្រុះសម្រួល បទឈប់បាញ់គ្នា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ប្រភពបានបន្ថែមថា ក្រុមហាម៉ាស នៅក្នុងសង្គ្រាមជាមួយ អ៊ីស្រាអែល បានបដិសេធរាល់ការ ពិភាក្សាអំពីការឈានដល់បទឈប់បាញ់ នៅតំបន់ហ្គាហ្សាស្ទ្រីប ចំពេលមានការឈ្លានពាន របស់អ៊ីស្រាអែល កាន់តែខ្លាំង និង “គម្រោងធ្វើឃាត” ប្រឆាំងនឹងមេដឹកនាំប៉ាឡេស្ទីន។

មុននេះ ប្រភពពីក្រុមហាម៉ាស បានប្រាប់ស៊ីនហួថា ជំនួយការជាច្រើនរបស់លោក al-Arouri ដែលជាអនុប្រធានការិយាល័យ នយោបាយ របស់ក្រុមហាម៉ាស ក៏ត្រូវបានសម្លាប់ផងដែរ នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល ដែលផ្តោតលើការិយាល័យ របស់ក្រុមហាម៉ាស នៅជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត នៃប្រទេសលីបង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស បានបញ្ជាក់ថា សមាជិករបស់ខ្លួនចំនួន ៧នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដោយបានថ្កោលទោសថាវាជាអំពើភេរវកម្ម “ព្រៃផ្សៃ និងឃោរឃៅ” ការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសលីបង់ និងការពង្រីកការឈ្លានពានរបស់អ៊ីស្រាអែល ប្រឆាំងនឹងប៉ាឡេស្ទីន និងប្រជាជនរបស់ខ្លួន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top