ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា ក្រុមហាម៉ាស់បានប្រកាសពីការបង្កក លើការចរចាបទឈប់បាញ់ ជាមួយនឹងអ៊ីស្រាអ៊ែល ក្រោយពីអនុប្រធានក្រុមបក្ស គឺលោក Saleh al-Arouri ត្រូវបានសម្លាប់កាលពីល្ងាចថ្ងៃអង្គារ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល នៅក្នុងប្រទេសលីបង់។
ប្រភពបានឲ្យដឹងនៅក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “យើងបានជូនដំណឹងដល់បងប្អូន នៅក្នុងប្រទេសកាតា និងអេហ្ស៊ីបអំពីការបង្កកការចរចានេះ” ។ ប្រទេសកាតា និងអេហ្ស៊ីប បាននិងកំពុងសម្រុះសម្រួល បទឈប់បាញ់គ្នារវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ។
ប្រភពបានឲ្យដឹងទៀតថា ក្រុមហាម៉ាស់ ស្ថិតនៅក្នុងសង្គ្រាមជាមួយអ៊ីស្រាអ៊ែល បានបដិសេធរាល់ការពិភាក្សា អំពីការឈានដល់បទឈប់បាញ់ នៅតំបន់ហ្គាហ្សាស្ទ្រីប ស្របពេលមានការឈ្លានពាន របស់អ៊ីស្រាអ៊ែលកាន់តែខ្លាំង និង “គម្រោងធ្វើឃាត” ប្រឆាំងនឹងមេដឹកនាំប៉ាឡេស្ទីន ទៀតផង ។
នៅមុននេះ ប្រភពចេញពីក្រុមហាម៉ាស់ បានប្រាប់ Xinhua ថា ជំនួយការជាច្រើនរបស់លោក al-Arouri ដែលជាអនុប្រធានការិយាល័យ នយោបាយរបស់ក្រុមហាម៉ាស់ ក៏ត្រូវបានសម្លាប់ផងដែរនៅក្នុងការ វាយប្រហាររបស់អ៊ីស្រាអ៊ែល ដែលផ្តោតលើការិយាល័យរបស់ ក្រុមហាម៉ាស់នៅជាយក្រុងស្ថិតនៅ ភាគខាងត្បូងនៃរដ្ឋធានីបេរូតរបស់ប្រទេសលីបង់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា