ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន ថ្កោលទោស ការវាយប្រហារលើ ​ពិធីរំលឹកវិញ្ញាណក្ខន្ធ ក្នុងប្រទេសអ៊ីរ៉ង់

Xinhua

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារលើពិធី រំលឹកវិញ្ញាណក្ខន្ធក្នុងប្រទេសអ៊ីរ៉ង់ ដែលបានសម្លាប់មនុស្សជិត ១០០នាក់ ​។

លោក Florencia Soto Nino អ្នក​នាំពាក្យ​រង​របស់​លោក Guterres បានឲ្យដឹង​ថា “អគ្គលេខាធិការ​អំពាវនាវ​ឲ្យ​អ្នក​ ដែល​ទទួល​ខុស​ត្រូវ​ទទួល​ខុស​ត្រូវ លោកអគ្គលេខាធិការ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារនៃសព និងប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ហើយគាត់សូមជូនពរឱ្យ អ្នករបួសឆាប់ជាសះស្បើយ”។

​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការផ្ទុះពីរនៅជិតកន្លែងបញ្ចុះសព របស់ឧត្តមសេនីយអ៊ីរ៉ង់លោក Qassem Soleimani បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩៥នាក់ និងរបួសជាង ២១០នាក់ទៀតកាលពីថ្ងៃពុធ។

ការបំផ្ទុះបានកើតឡើងនៅពេល ដែលមនុស្សជាច្រើនបានប្រមូលផ្តុំគ្នា នៅទីបញ្ចុះសពក្នុងទីក្រុងខើមេន ភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់ ដើម្បីប្រារព្ធខួបលើកទីបួននៃការស្លាប់របស់លោក Soleimani នៅក្នុងការវាយប្រហារ ដោយយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិក ។

យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានឱ្យដឹងថា ការបំផ្ទុះលើកទីមួយមានចម្ងាយប្រហែល ៧០០ ម៉ែត្រពីផ្នូររបស់លោក Soleimani និងទីពីរមានចម្ងាយមួយគីឡូម៉ែត្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក Rahman Jalali អភិបាលរងខេត្តខើមេន ទទួលបន្ទុកកិច្ចការនយោបាយ និងសន្តិសុខ បានឲ្យដឹងថា ការបំផ្ទុះនេះធ្វើឡើងដោយក្រុម “ភេរវករ” នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន IRNA ​។

ជាមួយគ្នានេះ បណ្តាញព័ត៌មានសាធារណៈរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានឲ្យដឹងថា មូលហេតុនៃការបំផ្ទុះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ហើយក្រុមជួយសង្គ្រោះ កំពុងស្ថិតនៅកន្លែងកើតហេតុ។ ប្រភព​បាន​បន្ថែម​ថា ភាគច្រើន​នៃ​ការ​រង​របួស ​គឺ​បណ្តាល​មក​ពី​ការ​កកកុញ និង​ការ​ភ័យ​ស្លន់ស្លោ។

រដ្ឋាភិបាល​អ៊ីរ៉ង់ ​បាន​ប្រកាសថា ​ថ្ងៃ​ព្រហស្បតិ៍នេះ​ជា​ថ្ងៃ​កាន់ទុក្ខ​ជាតិ។ លោក Soleimani ដែលជាមេបញ្ជាការយោធាដ៏ មានឥទ្ធិពលបំផុតមួយរូបក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានសម្លាប់កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅជិតអាកាសយានដ្ឋានអន្តរជាតិ របស់ទីក្រុងបាកដាដ ក្នុងការវាយប្រហារដោយយន្តហោះដ្រូន ដែលបញ្ជាដោយសហរដ្ឋអាមេរិកនៅពេលនោះ​ ក្រោមការដឹកនាំរបស់​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ​។

លោកត្រូវបានគេបញ្ចុះ នៅស្រុកកំណើតរបស់លោក នៅ ខើមេន បន្ទាប់ពីពិធីបុណ្យសព ដែលបានទាក់ទាញអ្នកកាន់ទុក្ខ រាប់លាននាក់នៅទូទាំងប្រទេសអ៊ីរ៉ង់។ អ៊ីរ៉ង់​បាន​បរិហារ​ការ​ធ្វើ​ឃាត​នេះ​ថា ​ជា​អំពើ​ភេរវកម្ម​របស់​រដ្ឋ ហើយ​បាន​ប្តេជ្ញា​សងសឹក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top