ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី ថ្កោលទោសការបំផ្ទុះគ្រាប់បែក នៅទីតាំងថ្នូររបស់ឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani ចំណែកអាមេរិកថា ខ្លួនមិនជាប់ពាក់ព័ន្ធអ្វីឡើយ

Xinhua

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានផ្ញើសារចូលរួមរំលែកទុក្ខ ដល់ថ្នាក់ដឹកនាំអ៊ីរ៉ង់ ដោយថ្កោលទោសការសម្លាប់មនុស្ស ដែលបានមកចូលរួមទីតាំងផ្នូររបស់ឧត្តមសេនីយ៍ Qassem Soleimani ថាជា “គួរឱ្យតក់ស្លុតចំពោះអំពើឃោរឃៅ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៩៥ នាក់ត្រូវបានសម្លាប់ដោយការ បំផ្ទុះចំនួនពីរនៅក្នុងទីក្រុង Kerman របស់ប្រទេសអ៊ីរ៉ង់ ខណៈដែលអ្នកធ្វើធម្មយាត្រារាប់ពាន់នាក់ បាននាំគ្នាទៅកាន់ផ្នូររបស់ឧត្តមសេនីយ៍ Soleimani ក្នុងថ្ងៃគម្រប់ខួបនៃការស្លាប់របស់គាត់។ មេដឹកនាំកងឆ្មាំបដិវត្តន៍អ៊ីស្លាម ឧត្តមសេនីយ៍ Qassem Soleimani ត្រូវបានសម្លាប់នៅខាងក្រៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ដោយការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២០ ។

លោក ពូទីន បាននិយាយនៅក្នុងសារមួយ ទៅកាន់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និងមេដឹកនាំកំពូល Ayatollah Ali Khamenei ដោយសម្តែងនូវការអាណិតអាសូរ និងការគាំទ្រដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់ជនរងគ្រោះ ក៏ដូចជាការជូនពរឱ្យអ្នករបួសឆាប់ជាសះស្បើយ ។

មិនទាន់មាននរណាម្នាក់ អះអាងទទួលខុសត្រូវចំពោះ ការបំផ្ទុះគ្រាប់បែកនេះនៅឡើយទេ។ មន្ត្រីអ៊ីរ៉ង់មួយចំនួនបានផ្តល់យោបល់ថា អ៊ីស្រាអែល ឬអាមេរិក ប្រហែលជានៅពីក្រោយការវាយប្រហារនេះ។ រដ្ឋាភិបាលអ៊ីស្រាអែលបានពណ៌នាអ៊ីរ៉ង់ថាជាផ្នែកនៃ “ស្នូលនៃអំពើអាក្រក់” រួមជាមួយក្រុមហាម៉ាសដែលមានមូលដ្ឋាននៅហ្គាហ្សា។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានទទូចកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក “មិនជាប់ពាក់ព័ន្ធក្នុងមធ្យោបាយណាមួយឡើយ ហើយការ ផ្ដល់យោបល់ណាមួយចំពោះផ្ទុយពីនេះ គឺគួរឱ្យអស់សំណើច” ។ លោកក៏បាននិយាយផងដែរថា ទីក្រុងវ៉ាស៊ីនតោនក៏គ្មានហេតុផល ដើម្បីជឿថាអ៊ីស្រាអែល មានជាប់ពាក់ព័ន្ធនឹងការផ្ទុះនោះដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top