ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់៨៤នាក់ និងបាត់ខ្លួន១៧៩នាក់ ក្រោយពីមានគ្រោះរញ្ជួយដី ដ៏ធ្ងន់ធ្ងរ នៅជប៉ុន

រូបភាពពី៖​ Kyodo

តូក្យូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ធំនៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់៨៤នាក់ នៅខេត្ត Ishikawa ស្ថិតនៅភាគកណ្តាល នៃប្រទេសជប៉ុន ខណៈចំនួនមនុស្សដែលមិនទាន់បានរាប់បញ្ចូលបានកើនឡើងដល់១៧៩នាក់ហើយ គិតត្រឹមម៉ោង១៨និង០០នាទីម៉ោងក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍ ខណៈរយៈពេល៧២ម៉ោងដ៏សំខាន់សម្រាប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបិទបញ្ចប់ ។

គ្រោះរញ្ជួយដីកម្រិត៧,៦រ៉ិចទ័រ បានវាយប្រហារមកលើខេត្ត និងតំបន់ជុំវិញរបស់ខ្លួនកាលពីថ្ងៃចន្ទ ។ អាជ្ញាធរនៅក្នុងតំបន់បានឲ្យដឹងថា មានគ្រោះរញ្ជួយដ៏ខ្លាំង លាយឡំទៅដោយការរញ្ជួយដីរាប់រយលើក បានធ្វើឱ្យមនុស្សសរុបចំនួន៣០៥នាក់រងរបួសនៅក្នុងខេត្តនេះ ។

សារព័ត៌មាន Kyodo News បានផ្សាយថា មនុស្សជាច្រើននៅតែត្រូវបានគេជឿថា ជាប់នៅក្រោមគំនរបាក់បែកក្នុងទីក្រុងឆ្នេរសមុទ្រ Wajima ដែលរងគ្រោះខ្លាំង ជាកន្លែងដែលអ្នកស្លាប់ចំនួន៤៨នាក់ត្រូវបានបញ្ជាក់ឲ្យដឹងគិតមកដល់ពេលនេះ។

អ្នកជំនាញលើកឡើងថា រយៈពេល៧២ម៉ោងដំបូងបន្ទាប់ពីគ្រោះរញ្ជួយដីមានសារៈសំខាន់ជាពិសេសសម្រាប់ការជួយសង្គ្រោះ ដោយសារតែលទ្ធភាពនៃការរស់រានមានជីវិតថយចុះយ៉ាងខ្លាំងបន្ទាប់ពីពេលនោះមក ។

ទោះបីជាយ៉ាងនេះក្តី អព្ភូតហេតុបានកើតឡើង ខណៈដែលក្រុមអ្នកជួយសង្គ្រោះជនជាតិជប៉ុនបានទាញយកស្រ្តីម្នាក់វ័យ៨០ឆ្នាំម្នាក់ចេញពីផ្ទះដែលបានបដួលរលំក្នុងទីក្រុង Wajima នៅម៉ោងប្រហែល៤និង២៨នាទីល្ងាចម៉ោងក្នុងស្រុក ហើយត្រឹមតែជាង៧២ម៉ោងបន្ទាប់ពីការរញ្ជួយដ៏ធំបានវាយប្រហារមកលើឧបទ្វីប Noto ដោយកត់សម្គាល់ថា ស្ត្រីនោះដឹងខ្លួន និងឆ្លើយតបវិញបាន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top