យូអិន៖ អ្នកនាំពាក្យ អង្គការសហប្រជាជាតិ បានឲ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres ស្វាគមន៍ការផ្លាស់ប្តូរអ្នកទោស សង្គ្រាមអ៊ុយក្រែន ២៣០នាក់ និងរុស្ស៊ី ២៤៨នាក់ ដែលជាការដោះដូរដ៏ធំបំផុត នៅក្នុងជម្លោះជិតពីរឆ្នាំ។
លោកស្រី Stephanie Tremblay អ្នកនាំពាក្យរងរបស់លោក Guterres បានឲ្យដឹងថា “លោកអគ្គលេខាធិការ បានសម្ដែងការសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ភាគីទាំងពីរ និងការសម្របសម្រួលភាគីទី៣ ដោយប្រទេសអារ៉ាប់រួម ដែលបានរួមចំណែក ដល់ការអភិវឌ្ឍន៍ជាវិជ្ជមាននេះ” ។
លោកស្រីបានបន្ថែមថា “អគ្គលេខាធិការសង្ឃឹមថា ជំហានដ៏សំខាន់នេះ នឹងត្រូវបានបន្តដោយការដោះដូរ អ្នកទោសសង្គ្រាមបន្ថែម និងដោយការប្រឹងប្រែងកាត់បន្ថយ ការកើនឡើងផ្សេងទៀត”៕
ប្រែសម្រួល ឈូក បូរ៉ា