ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បញ្ជាក់ថា ពេលវេលាសម្រាប់ដំណោះស្រាយ ការទូតជាមួយក្រុម ហេសបូឡាហ៍ គឺមានខ្លីណាស់

Xinhua

យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក Yoav Gallant បានឲ្យដឹងថា ពេលវេលាសម្រាប់ដំណោះស្រាយ ការទូតជាមួយក្រុម ហេសបូឡាហ៍ គឺមានរយៈពេលខ្លី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក Gallant បានធ្វើការកត់សម្គាល់នៅក្នុងទីក្រុង Tel Aviv នៅពេលជួបជាមួយលោក Amos Hochstein ទីប្រឹក្សាជាន់ខ្ពស់សហរដ្ឋអាមេរិក ដែលបានមក ដល់ប្រទេសអ៊ីស្រាអែល ក្នុងគោលបំណងកាត់បន្ថយ ភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធលីបង់។

សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យសារព័ត៌មានរបស់រដ្ឋាភិបាលអ៊ីស្រាអែល បានឲ្យដឹងថា បេសកជនអាមេរិកក្នុងអំឡុង ពេលជួបជាមួយលោក Gallant និងមន្ត្រីយោធាជាន់ខ្ពស់ផ្សេងទៀត ត្រូវបានសង្ខេបអំពីស្ថានភាពសន្តិសុខ នៅព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល និងលក្ខខណ្ឌដែលតម្រូវ ដោយស្ថាប័នការពារជាតិ ដើម្បីជួយសម្រួលដល់ជនភៀសខ្លួនអ៊ីស្រាអែលជាង ៨ម៉ឺននាក់ឱ្យវិលត្រឡប់មកផ្ទះវិញ។ 

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) កាលពីថ្ងៃព្រហស្បតិ៍ កងទ័ពបានបន្តធ្វើការវាយប្រហារតាមអាកាសទៅលើទីតាំងក្រុមហេសបូឡាជាច្រើននៅភាគខាងត្បូងប្រទេសលីបង់។  គោលដៅរួមមាន ទីតាំងបាញ់រ៉ុក្កែត ប៉ុស្តិ៍សង្កេតការណ៍ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលជាកម្មសិទ្ធិ របស់ក្រុមយោធាលីបង់។

គេហទំព័រ Jerusalem Post បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងរយៈពេលពី ៣ ទៅ ៤ សប្តាហ៍ចុងក្រោយនេះ IDF បានចាប់ផ្តើមវាយប្រហារក្រុមហេាបូឡាហ៍ “កាន់តែខ្លាំង និងទូលំទូលាយ”៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top