ព័ត៌មានអន្តរជាតិ

អាមេរិកត្រៀមខ្លួន ករណីជម្លោះ នៅហ្គាហ្សា នឹងរីករាលដាល ក្នុងតំបន់

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សេតវិមានមានការព្រួយបារម្ភថា ជម្លោះនៅតំបន់ហ្គាហ្សា អាចពង្រីកទៅដល់ផ្នែកផ្សេងទៀត នៃមជ្ឈិមបូព៌ា ហើយកំពុងរៀបចំផែនការ សម្រាប់ការឆ្លើយតប របស់សហរដ្ឋអាមេរិក ដែលអាចធ្វើទៅបានប្រសិនបើរឿងនោះកើតឡើង ។

Politico បានរាយការណ៍ដោយដកស្រង់ សម្តីមន្ត្រី ដែលបានឆ្លើយឆ្លងទៀតថា ៖ការពិភាក្សាផ្ទៃក្នុងកំពុងដំណើរការ នៅក្នុងរដ្ឋបាល របស់ប្រធានាធិបតីអាមេរិក Joe Biden អំពីសេណារីយ៉ូ ដែលអាចមើលឃើញថា ទីក្រុងវ៉ាស៊ីនតោនត្រូវបានអូសទាញ ចូលទៅក្នុងសង្រ្គាមដ៏ធំមួយនៅក្នុងតំបន់ ។

ប្រភពជាច្រើនរួមទាំងមន្ត្រីរដ្ឋបាល ជាន់ខ្ពស់ Biden បាននិយាយថា សក្តានុពលសម្រាប់ជម្លោះកាន់តែទូលំទូលាយនៅមជ្ឈិមបូព៌ាកំពុងកើនឡើង។

Politico បានសរសេរថា ព្រឹត្តិការណ៍កាលពីប៉ុន្មានថ្ងៃមុននេះ បានធ្វើឱ្យមនុស្សមួយចំនួន នៅក្នុងរដ្ឋបាលថា សង្គ្រាមនៅហ្គាហ្សា បានរីករាលដាលជាផ្លូវការឆ្ងាយហួស ពីព្រំដែននៃដែនកំណត់ទុក ។

ព្រឹត្តិការណ៍ទាំងនេះ រួមមានការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់សហរដ្ឋអាមេរិក នៅទីក្រុងបាកដាដដែលបានសម្លាប់មេដឹកនាំ កងជីវពលអ៊ីរ៉ាក់ Mushtaq Taleb al-Saidi ការសម្លាប់អនុប្រធានក្រុមហាម៉ាសលោក Saleh al-Arouri ក្នុងការវាយប្រហារ UAV របស់អ៊ីស្រាអែលនៅរដ្ឋធានី Beirut ប្រទេសលីបង់ និងការបំផ្ទុះពីរនៅអ៊ីរ៉ង់ ដែលបានឆក់យកជីវិតមនុស្ស ៨៤នាក់ និង​របួស​មនុស្ស​ជិត​៣០០​នាក់នោះផង ៕

ប្រែសម្រួល៖ស៊ុនលី

To Top