ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី កូរ៉េខាងជើង ផ្ញើសាររំលែកទុក្ខ ចំពោះនាយករដ្ឋមន្រ្តីជប៉ុន ជុំវិញគ្រោះរញ្ជួយដី កាលពីថ្ងៃចូលឆ្នាំថ្មី

រូបភាព៖ Kyodo

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើង បានផ្សាយនៅថ្ងៃសៅរ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសាររំលែកទុក្ខ ដល់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ចំពោះការរញ្ជួយដីដ៏ខ្លាំងក្លា ដែលបានវាយប្រហារកណ្តាលប្រទេសជប៉ុន នៅថ្ងៃបុណ្យចូលឆ្នាំថ្មី។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសារដែលបានផ្ញើកាលពីថ្ងៃសុក្រ លោក គីម «សង្ឃឹមយ៉ាងស្មោះស្ម័គ្រ»ថា ប្រជាជននៅក្នុងតំបន់ដែលរងផលប៉ះពាល់នឹង «ស្ដារជីវិតមានស្ថិរភាពរបស់ពួកគេឡើងវិញនៅកាលបរិច្ឆេទដំបូងបំផុត ដែលអាចធ្វើទៅបាន»។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​កូរ៉េ​ខាង​ជើង​ KCNA។

KCNA បានសរសេរថា មេដឹកនាំ គីម ជុងអ៊ុន បានសម្តែងនូវ “ការអាណិតអាសូរ និងរំលែកទុក្ខយ៉ាងជ្រាលជ្រៅ” ដល់នាយករដ្ឋមន្រ្តី Kishida ក៏ដូចជាក្រុមគ្រួសារអ្នកដែលបានស្លាប់បាត់បង់ជីវិត និងជនរងគ្រោះ “ចំពោះដំណឹងដ៏ក្រៀមក្រំដែលថា ជនរងគ្រោះស្លាប់ របួស និងការបាត់បង់សម្ភារៈជាច្រើនត្រូវបានបង្កឡើង” ដោយគ្រោះរញ្ជួយដីនៅដើមឆ្នាំថ្មីនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Radio Press ដែលតាមដានប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់កូរ៉េខាងជើង នេះគឺជាសារដំបូងរបស់លោក គីម ជុងអ៊ុន ដែលបានផ្ញើទៅកាន់លោក Kishida នាយករដ្ឋមន្រ្តីជប៉ុន ហើយ ប្រទេសទាំងពីរមិនមានទំនាក់ទំនងការទូត ជាមួយគ្នានោះទេ។

កាសែត Rodong Sinmun ដែលជាកាសែតផ្លូវការរបស់គណបក្សកាន់អំណាចបានយកអត្ថបទទាំងស្រុងនៃសារនេះកាលពីថ្ងៃសៅរ៍បន្ទាប់ពីរាយការណ៍អំពីការរញ្ជួយដីនិងការខូចខាតដែលវាបានបង្កឡើងនៅដើមសប្តាហ៍នេះ។

នៅខែមីនា ឆ្នាំ ២០១១ នៅពេលដែលគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ វាយប្រហារភាគឦសានប្រទេសជប៉ុន ពេលនោះមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល បានផ្ញើថវិកាចំនួន ៥០ម៉ឺន ដុល្លារ ដល់ប្រជាជនកូរ៉េដែលគាំទ្រទីក្រុងព្យុងយ៉ាង ដែលជាជនរងគ្រោះនៃគ្រោះមហន្តរាយនេះ។

នៅពេលនោះ មេដឹកនាំថ្នាក់លេខ២របស់កូរ៉េខាងជើង គឺ លោក គីម យ៉ុងណាម ប្រធានគណៈប្រធាននៃសភាប្រជាជនកំពូល ក៏បានផ្ញើសាររំលែកទុក្ខដល់ក្រុមអ្នកស្រុកកូរ៉េដែលគាំទ្រទីក្រុងព្យុងយ៉ាងនៅក្នុងប្រទេសជប៉ុនផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top