អ៊ីស្តង់ប៊ុល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានថ្លែងកាលពីថ្ងៃសុក្រថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្រុះសម្រួល និងធ្វើជាម្ចាស់ផ្ទះកិច្ចចរចាស្វែងរកសន្តិភាព ដើម្បីដោះស្រាយវិបត្តិរវាងអ៊ុយក្រែន និងរុស្ស៊ី ។
យោងតាមលោកប្រធានាធិបតីតួកគី ចំពោះការកត់សម្គាល់ របស់លោក Erdogan បានធ្វើឡើងនៅក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទ ជាមួយសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky ។
មេដឹកនាំតួកគីបានថ្លែងថា “បទឈប់បាញ់នៅអ៊ុយក្រែន គួរតែត្រូវបានបង្កើតឡើងឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ហើយទ្វារគួរតែត្រូវបានបើកចំហដើម្បីស្វែងរកសន្តិភាព” ។
លោក Erdogan ក៏បានថ្លែងទៀតថា វាមានសារៈសំខាន់ណាស់ក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងបើកច្រករបៀង សម្រាប់នាំចេញគ្រាប់ធញ្ញជាតិឡើងវិញ ហើយថា លោកបាននិងកំពុងបន្តទំនាក់ទំនងការទូតរបស់គាត់រហូតដល់ទីបញ្ចប់ ។
លោកប្រធានាធិបតី បានថ្លែងបន្តទៀតថា មេដឹកនាំទាំង២ក៏បានពិភាក្សាគ្នាអំពីជម្លោះដែលកំពុងបន្តកើតមានឡើងរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ។
លោក Erdogan បានកត់សម្គាល់ឲ្យដឹងដែរថា លោកបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបញ្ឈប់ការបង្ហូរឈាម និងដើម្បីសម្រេចបានសន្តិភាពនៅប៉ាឡេស្ទីនផងដែរ ៕
ដោយ៖ ម៉ៅ បុប្ផាមករា