យេរ៉ូសាឡឹម៖ កងទ័ពអ៊ីស្រាអែល បានប្រកាសនៅល្ងាចថ្ងៃសៅរ៍ ម្សិលមិញនេះថា ខ្លួនបានរុះរើក្របខ័ណ្ឌយោធា របស់ក្រុមហាម៉ាស នៅភាគខាងជើង ហ្គាហ្សាស្ទ្រីប នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ។
អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា នៅភាគខាងជើងនៃច្រូត ក្រុមហាម៉ាស មានកងពលតូចយោធាចំនួនពីរ ដែលមានកងវរសេនាតូច ចំនួន១២ ដែលមានភេរវករប្រហែល ១៤០០០នាក់ ។
លោកបានបន្ថែមថា “ក្រុមហាម៉ាស មិនដំណើរការនៅក្នុងតំបន់នេះ ក្នុងលក្ខណៈរៀបចំទេ ហើយយើង បានដកហូតសមត្ថភាពភេរវករសំខាន់ៗ នៅក្នុងតំបន់នេះ”។
លោក Hagari បានរៀបរាប់លម្អិតអំពីវិធីសាស្រ្ត ដែលកងទ័ពអ៊ីស្រាអែល ធ្វើប្រតិបត្តិការ រួមទាំងការលុបបំបាត់មេបញ្ជាការ ការប្រយុទ្ធលើដី ការប្រមូលផ្តុំស៊ើបការណ៍ ស្វែងរកទីតាំងគ្រាប់រ៉ុក្កែត និងមធ្យោបាយធ្វើសង្គ្រាមផ្សេងទៀត និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្រោមដី ។
លោកបានកត់សម្គាល់ថា IDF បានរកឃើញឯកសារ ស៊ើបការណ៍ សម្ងាត់ប្រហែល ៧០លាន រួមទាំងព័ត៌មានអំពី សមាជិកជាន់ខ្ពស់ របស់ហាម៉ាស នៅតំបន់ហ្គាហ្សា និងលើសពីនេះ រួមជាមួយនឹងកុំព្យូទ័រ ផែនទី និងវិទ្យុ។
អ្នកនាំពាក្យ IDF បានបញ្ជាក់ថា ការប្រយុទ្ធគ្នានឹងត្រូវការពេលវេលា និងបន្តក្នុងអំឡុងឆ្នាំ ២០២៤ ដោយបន្ថែមថា ពេលនេះកងទ័ពកំពុងផ្តោត លើការរុះរើប្រតិបត្តិការ របស់ក្រុមហាម៉ាស នៅកណ្តាល និងភាគខាងត្បូងនៃក្រុមនេះ៕
ប្រែសម្រួល ឈូក បូរ៉ា