ដាម៉ាស់៖ កងជីវពលគាំទ្រដោយអ៊ីរ៉ង់ បានបង្កើនការវាយប្រហាររបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ លើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសស៊ីរី ដោយលើកឡើងពីការគាំទ្រ របស់អាមេរិកចំពោះអ៊ីស្រាអែល ក្នុងការវាយលុកដែលកំពុងបន្តនៅតំបន់ហ្គាហ្សា និងការវាយលុករបស់អ៊ីស្រាអែល សំដៅលើផលប្រយោជន៍អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។
ការកើនឡើងថ្មីៗដែល ត្រូវបានរាយការណ៍ក្នុងរយៈពេល ១២ម៉ោងចុងក្រោយនេះ រួមមានការវាយប្រហារលើ មូលដ្ឋានទ័ពអាមេរិកចំនួនពីរនៅក្នុងតំបន់ al-Tanf នៅជនបទនៃខេត្ត Homs ភាគកណ្តាល និងតំបន់ al-Shaddadi នៅខេត្ត al-Hasakah ភាគឦសាន។
ប្រភពពីគេហទំព័រ SANA បានឲ្យដឹងថា ក្រុម Resistance អ៊ិស្លាមអ៊ីរ៉ាក់ បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារដោយយន្តហោះដ្រូន លើមូលដ្ឋានទ័ពអាមេរិកចំនួនពីរ ដោយប្តេជ្ញាបន្តកំណត់គោលដៅ “បន្ទាយសត្រូវ” ដោយបន្ថែមថាក្រុមនេះបានកំណត់ គោលដៅលើមូលដ្ឋានទ័ពអាមេរិក ដ៏ធំបំផុតនៅក្នុងប្រទេសស៊ីរី និងទីតាំងប្រេង Al-Omar។
ជាមួយគ្នានេះដែរ ក្រុមឃ្លាំមើលសង្គ្រាមស៊ីរី សម្រាប់សិទ្ធិមនុស្សបានឲ្យដឹងថា ការវាយប្រហារជាច្រើនេជាង ៧៧ដង ត្រូវបានធ្វើឡើងដោយកងជីវពលគាំទ្រអ៊ីរ៉ង់ លើមូលដ្ឋានសហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី ចាប់តាំងពីថ្ងៃទី១៩ ខែតុលា ។
ក្រុមឃ្លាំមើលដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេសបានសន្មតថា ការវាយប្រហារទាំងនេះជា ការបញ្ជាពីអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC)៕
ប្រែសម្រួល ឈូក បូរ៉ា