បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយលើកឡើង ពីមនុស្សដែលស្គាល់ពីការវាយតម្លៃថា ការស៊ើបការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិកជឿថា ការបណ្តេញចេញនូវឥស្សរជន យោធាជាន់ខ្ពស់ របស់ចិនជាច្រើននាក់មុនពេលចូលឆ្នាំថ្មី គឺបានផ្សារភ្ជាប់ទៅនឹងអំពើពុករលួយ ដែលរីករាលដាលនៅក្នុង កងទ័ពរំដោះប្រជាជន (PLA)។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារ Bloomberg បាននិយាយនៅក្នុងអត្ថបទមួយកាលពីថ្ងៃសៅរ៍ថា បញ្ហានេះគឺជាបញ្ហាចម្បងបំផុតនៅក្នុងកងកម្លាំងរ៉ុក្កែតរបស់ប្រទេសចិន ដែលការវិនិយោគសំខាន់ៗ ត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ Bloomberg បានលើកឡើងនូវ ឧទាហរណ៍ជាច្រើននៃអំពើពុករលួយនៅក្នុង ក្នុងកងទ័ពរំដោះប្រជាជន (PLA) ដោយផ្អែកលើការវាយតម្លៃរបស់អាមេរិក។
ក្នុងចំណោមបញ្ហាផ្សេង ទៀត, ប្រភពរបស់ Bloomberg បានលើកឡើងពី “មីស៊ីលដែលពោរពេញ ដោយទឹកជំនួសឱ្យឥន្ធនៈ” និងតំបន់គ្រប់គ្រងប្រតិបត្តិការ របស់ស៊ីឡូមីស៊ីល នៅភាគខាងលិចប្រទេសចិន ជាមួយនឹងគម្របដែលមានកំហុស ដែលមិនអនុញ្ញាត ឱ្យគ្រាប់បាញ់ប្រកបដោយប្រសិទ្ធភាព។
យោងតាមប្រភពនានា អំពើពុករលួយនៅក្នុងកងកម្លាំងរ៉ុក្កែត និងមូលដ្ឋានឧស្សាហកម្មការពារជាតិចិន គឺរីករាលដាលខ្លាំង ដែលពេលនេះមន្ត្រីអាមេរិកបានចាត់ទុកលោក ស៊ី ជិនពីង ប្រធានាធិបតីចិនថា “ទំនងជាមិនសូវសញ្ជឹងគិត ដល់សកម្មភាពយោធា សំខាន់ៗក្នុងប៉ុន្មានឆ្នាំខាងមុខ ជាជាងករណីផ្សេងទៀត”។
ប្រភពបាននិយាយទៀតថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបង្ហាញថា អំពើពុករលួយបាននាំឱ្យមាន ការលុបបំបាត់នូវទំនុកចិត្ត លើសមត្ថភាពទាំងមូលរបស់ PLA នៅក្នុងទីក្រុងប៉េកាំង ហើយថែមទាំងកំណត់ផែនការ មួយចំនួនរបស់លោក ស៊ី ក្នុងការប្រែក្លាយយោធាចិន ទៅជាកម្លាំងទំនើបនៅឆ្នាំ ២០២៧ ។
ទោះជាយ៉ាងណាក៏ដោយ ការវាយតម្លៃ បានសង្កត់ធ្ងន់ថា មេដឹកនាំចិន ” មិនត្រូវបានចុះខ្សោយដោយ ការបោសសំអាត កាន់តែទូលំទូលាយ នោះទេ” ។ សេចក្តីសម្រេចរបស់លោក ស៊ី ក្នុងការបណ្តេញឥស្សរជន យោធាជាន់ខ្ពស់ គឺ “បង្ហាញពីការកាន់ កាប់របស់លោកលើបក្សកុម្មុយនិស្តនៅតែរឹងមាំ ហើយថា លោកយកចិត្តទុកដាក់លើការកែលម្អវិន័យ ការលុបបំបាត់អំពើពុករលួយ និងទីបំផុតរៀបចំយោធា របស់ប្រទេសចិន សម្រាប់ការប្រយុទ្ធក្នុងរយៈពេលវែង” ៕
ប្រែសម្រួលៈ ណៃ តុលា