គ៊ែរ៖ អធិរាជកាតាបានសង្កត់ធ្ងន់ពីតម្រូវការនៃបទឈប់បាញ់ជាបន្ទាន់ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់ទ្រង់ កាលពីថ្ងៃអាទិត្យជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ដែលកំពុងធ្វើទស្សនកិច្ច។
អធិរាជកាតាSheikh Tamim bin Hamad Al Thani បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការធ្វើការឆ្ពោះទៅរកបទឈប់បាញ់ជាបន្ទាន់ និងការការពារជនស៊ីវិល ការផ្តល់ជំនួយមនុស្សធម៌គ្រប់គ្រាន់ និងប្រកបដោយនិរន្តរភាពទៅកាន់គ្រប់តំបន់ទាំងអស់នៃហ្គាហ្សាស្រ្ទីប និងធ្វើការដើម្បីកាត់បន្ថយការកើនឡើង ដើម្បីធានាស្ថិរភាព និងសន្តិសុខក្នុងតំបន់។
ក្រោយមកនៅថ្ងៃនោះ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសកាតា Mohammed bin Abdulrahman Al Thani បានធ្វើសន្និសីទសារព័ត៌មាននៅទីក្រុងដូហា ជាមួយលោក Blinken ។
នាយករដ្ឋមន្ត្រីកាតា បានប្រាប់អ្នកយកព័ត៌មានថា ការសម្លាប់មេដឹកនាំជាន់ខ្ពស់ហាម៉ាស នាពេលថ្មីៗនេះបានជះឥទ្ធិពលដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រទេសកាតាក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស ខណៈដែលកាតានៅតែប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ខ្លួន។
លោកក៏បានសង្កត់ធ្ងន់ថា សកម្មភាពអរិភាពនៅសមុទ្រក្រហម គឺមិនអាចទទួលយកបាន ដែលបង្កើតបានជាផលវិបាកដ៏អកុសលនៃជម្លោះតំបន់ហ្គាហ្សា។
សម្រាប់ផ្នែករបស់លោក Blinken បានឧ្យដឹងថាលោកនឹងលើកឡើងពីបញ្ហាការពារជនស៊ីវិលក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់នៅអ៊ីស្រាអែលនាពេលខាងមុខដោយបន្ថែមថាជនស៊ីវិលប៉ាឡេស្ទីន ត្រូវតែត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញហើយមិនគួរត្រូវបានបង្ខំឱ្យចាកចេញពីតំបន់ហ្គាហ្សា ។
លោកBlinken បច្ចុប្បន្នកំពុងធ្វើដំណើរទៅកាន់ប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា ដើម្បីស្វែងរកការបន្ធូរបន្ថយស្ថានការណ៍ បន្ទាប់ពីមានការសម្លាប់មេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាសដែលបានធ្វើឱ្យវិបត្តិនៅក្នុងតំបន់កាន់តែខ្លាំងឡើង៕
ប្រែសម្រួល ឈូក បូរ៉ា