ព័ត៌មានអន្តរជាតិ

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ប្រកាសលាលែងពីតំណែង មុនកាលកំណត់

xinhua

ព្រុចសែល៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិកអំពីការសម្រេចចិត្តរបស់លោក ក្នុងការឈរឈ្មោះ សម្រាប់ការបោះឆ្នោតសមាជិកសភាអឺរ៉ុប (MEP) នៅខែមិថុនា ដែលនាំឱ្យលោកចាកចេញពីតំណែងពីប្រធានក្រុមប្រឹក្សានៅខែកក្កដា។

ដោយឆ្លុះបញ្ចាំងពីអាណត្តិរយៈពេល ៤ ឆ្នាំរបស់លោកក្នុងនាមជាមេដឹកនាំអឺរ៉ុប លោក Michel បានលើកឡើងថា “វាជាទំនួលខុសត្រូវរបស់ខ្ញុំ ក្នុងការប្រាប់អំពីការងាររបស់ខ្ញុំកាលពីប៉ុន្មានឆ្នាំមុន និងដើម្បីស្នើគម្រោង សម្រាប់អនាគតរបស់អឺរ៉ុប” ។

ខណៈពេលដែលអាណត្តិបច្ចុប្បន្នរបស់លោក Michel បញ្ចប់នៅក្នុងខែវិច្ឆិកា ការបោះឆ្នោតសភាអឺរ៉ុប ត្រូវបានកំណត់សម្រាប់ខែមិថុនា។ លោកត្រូវបានគេរំពឹងថា នឹងដឹកនាំបញ្ជីគណបក្សចលនាកំណែទម្រង់សេរី ដែលគាត់ជាអតីតមេដឹកនាំនៅក្នុងការបោះឆ្នោតសភាអឺរ៉ុប។

លោក​បាន​បញ្ជាក់​ថា​ “​នោះ​មាន​ន័យ​ថា ខ្ញុំ​នឹង​បន្ត​ការងារ​ជា​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​រហូត​ដល់​ស្បថ​ចូល​កាន់​តំណែង​ជា​សមាជិក​សភា​នៅ​ថ្ងៃ​ទី ១៦ ខែ​កក្កដា” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Michel បានបម្រើការជាប្រធានក្រុមប្រឹក្សាអឺរ៉ុប ដែលជាក្រុមមេដឹកនាំរដ្ឋាភិបាលនៃរដ្ឋសមាជិកសហភាពអឺរ៉ុប​ ចំនួន ២៧ ចាប់តាំងពីចុងឆ្នាំ២០១៩ មកម៉្លេះ​ មុនពេលដែលលោកទទួលបន្ទុកសហភាពអឺរ៉ុប លោកបានបម្រើការជានាយករដ្ឋមន្ត្រីនៃប្រទេសបែលហ្ស៊ិក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top