យេរ៉ូសាឡឹម៖ ប្រមុខយោធាអ៊ីស្រាអែលបានឲ្យដឹងថា ជម្លោះនៅតំបន់ហ្គាហ្សា ដែលបន្តអូសបន្លាយរយៈពេល ៣ខែរួចមក ទំនងជានឹងអូសបន្លាយពេញឆ្នាំ២០២៤ ហើយហៀរទៅរណសិរ្សផ្សេងទៀត។
លោក Herzi Halevi ដែលជាប្រធានបុគ្គលិកនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់តំបន់វេសបែង ដែលជាទឹកដីប៉ាឡេស្ទីនកាន់កាប់ដោយអ៊ីស្រាអែលចាប់តាំងពីឆ្នាំ១៩៦៧ ។
លោក Halevi បានឲ្យដឹងថាឆ្នាំ២០២៤ នឹងមាន “ការប្រកួតប្រជែង” ហើយថាអ៊ីស្រាអែលនឹង “ពិតជាបានចូលរួមក្នុងការប្រយុទ្ធនៅក្នុងតំបន់ហ្គាហ្សា ពេញមួយឆ្នាំ” ដោយបង្កប់ន័យថា ជម្លោះពេញលេញនាពេលបច្ចុប្បន្នជាមួយក្រុមហាម៉ាស ដែលជាក្រុមប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្គាហ្សា អាចបន្ធូរបន្ថយ ប៉ុន្តែមិនបញ្ចប់។
លោកក៏បានព្រមានផងដែរអំពីការផ្ទុះឡើងនៃអំពើហិង្សា “នៅលើរណសិរ្សផ្សេងទៀត ជាពិសេសតំបន់វេសបែង” ដែលភាពតានតឹងបានកើនឡើងចាប់តាំងពីការចាប់ផ្តើមនៃជម្លោះដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា ដែលបានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយពី ហាម៉ាស។
លោក Halevi ក៏បានឲ្យដឹងផងដែរថា IDF នឹងបង្កើន “សម្ពាធដែលខ្លួនបញ្ចេញ” នៅតាមព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល ជាមួយប្រទេសលីបង់ ជាកន្លែងដែលខ្លួនបានប៉ះទង្គិចជាមួយក្រុមហេសបូឡាហ៍ ដែលជាក្រុមសកម្មប្រយុទ្ធ Shi’ite ក្នុងប៉ុន្មានខែថ្មីៗនេះ។
លោកបានបន្ដថា “ក្រុមហេសបូឡាហ៍ បានសម្រេចចិត្តចូលរួមក្នុងសង្រ្គាមនេះ។ យើងកំពុងកំណត់ចំនួនអ្នកស្លាប់កាន់តែច្រើនឡើង” ដោយបន្ថែមថា កងទ័ពមាន “ការទទួលខុសត្រូវ កាតព្វកិច្ចមួយ ដើម្បីធានាសុវត្ថិភាពអ្នកស្រុកភាគខាងជើង ត្រឡប់ទៅផ្ទះរបស់ពួកគេ” ។
ក្រសួងសុខភាពដែលមានមូលដ្ឋាននៅហ្គាហ្សាបានឲ្យដឹងថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហារ ដែលកំពុងបន្តរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ២២,៨៣៥ នាក់ ហើយអ្នករងរបួសបានឡើងដល់ ៥៨,៤១៦ នាក់ហើយ បន្ថែមពីលើនេះ មនុស្សប្រមាណ ១,២០០នាក់ក្នុងប្រទេសអ៊ីស្រាអែលបានបាត់បង់ជីវិតដោយសារការវាយប្រហាររបស់ក្រុមហាម៉ាស៕
ប្រែសម្រួល ឈូក បូរ៉ា