ABI DHABI៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នឹងជួបជាមួយមេដឹកនាំអារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទនេះ នៅមុនពេលធ្វើដំណើរ ទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ដែលជាផ្នែកមួយនៃការកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់សង្រ្គាមនៅហ្គាហ្សា ដែលកំពុងរីករាលដាលទៅជាជម្លោះនៅក្នុងតំបន់ ។
លោក Blinken នឹងជួបពិភាក្សាអំពីការវាយប្រហារ នៅសមុទ្រក្រហមដោយក្រុមឧទ្ទាមហួធី ដែលគាំទ្រដោយអ៊ីរ៉ង់ក្នុងប្រទេសយ៉េមែន ដែលជាប្រទេសជិតខាងស្ថិតនៅភាគខាងត្បូង របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅក្នុងអំឡុងពេលពិភាក្សាជាមួយព្រះអង្គម្ចាស់ Mohammed bin Salman ។
មន្ត្រីជាន់ខ្ពស់មួយរូបបានលើកឡើងថា កិច្ចប្រជុំរបស់ពួកគេ ក៏នឹងផ្តោតលើការធ្វើឱ្យប្រក្រតីភាព នៃទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអ៊ែល ក្រោយពីកិច្ចពិភាក្សាដំបូងត្រូវបាន ផ្អាកដោយសារវិបត្តិនៅតំបន់ហ្គាហ្សា ។
សេចក្តីសង្ខេបនៃកិច្ចប្រជុំបានដាក់ថា លោក Blinken បានបញ្ជាក់ដោយ “បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការទប់ស្កាត់ការ រីករាលដាលបន្ថែមទៀតនៃជម្លោះនេះ “ នៅក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុង Abu Dhabi នៅថ្ងៃចន្ទនេះជាមួយប្រធានាធិបតីអារ៉ាប់រួម Sheikh Mohamed bin Zayed Al Nahyan នៅក្នុងទីក្រុង Abu Dhabi ។
គួររំលឹកថា លោក Blinken បានថ្លែងកាលពីថ្ងៃអាទិត្យក្នុងប្រទេសកាតា ដែលជាការធ្វើដំណើរលើកមុន នៃដំណើរទេសចរណ៍របស់គាត់ថា “នេះគឺជាជម្លោះដែលអាចរីករាលដាល យ៉ាងងាយស្រួលបំផុតដែល បណ្តាលឱ្យមានភាពអសន្តិសុខ និងការឈឺចាប់កាន់តែខ្លាំងឡើងៗ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា