ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបដិសេធសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយកិច្ចសន្ទនាត្រីភាគីឥណ្ឌូប៉ាស៊ីហ្វិករវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។
អ្នកនាំពាក្យម៉ៅនីងបានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃដើម្បីឆ្លើយតបទៅនឹងសំណួរស្តីពីសេចក្តីថ្លែងការណ៍រួមដែលត្រូវបានចេញផ្សាយនៅថ្ងៃទី០៦ ខែមករា ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។ វាបានបង្ហាញពីការព្រួយបារម្ភរបស់ប្រទេសទាំង៣ ចំពោះការទាមទារដែនសមុទ្ររបស់ចិន នៅសមុទ្រចិនខាងត្បូង ហើយសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង “នឹងបន្តកិច្ចសហប្រតិបត្តិការសន្តិសុខ ដែនសមុទ្រត្រីភាគី និងការអនុវត្តច្បាប់ស្របតាមច្បាប់អន្តរជាតិ”។
ប្រទេសទាំង៣ ក៏បានអះអាងជាថ្មីថា សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ គឺជាកត្តាមិនអាចខ្វះបាន សម្រាប់សន្តិសុខ និងវិបុលភាពក្នុងសហគមន៍អន្តរជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកស្រី ម៉ៅ នីង បានឲ្យដឹងថា “ប្រទេសចិន បានកត់សម្គាល់ការសន្ទនារវាងសហរដ្ឋអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង និងសេចក្តីថ្លែងការណ៍រួមជាលទ្ធផល” ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីវោហាសាស្ត្រនៃសេចក្តីថ្លែងការណ៍ ស្តីពីប្រទេសចិន។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា “យើងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការប៉ុនប៉ងពីប្រទេសទាំងនេះ ដើម្បីរួមបញ្ជូលគ្នាជាក្រុម ដែលមិនរាប់បញ្ចូលក្នុងនាមកិច្ចសហប្រតិបត្តិការ ជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ការវាយប្រហារ និងការលាបពណ៌ចិន និងបង្កឱ្យមានការប្រឈមមុខដាក់គ្នា” ។
លោកស្រី បានបន្តថា ស្ថានភាពនៅសមុទ្រចិនខាងត្បូងជាទូទៅមានស្ថិរភាព។ ប្រទេសចិន ប្តេជ្ញាការពារអធិបតេយ្យភាពទឹកដីរបស់ខ្លួន សិទ្ធិដែនសមុទ្រ និងផលប្រយោជន៍ដែនសមុទ្រ ខណៈពេលដែលគ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវជាមួយបណ្តាប្រទេសពាក់ព័ន្ធដោយផ្ទាល់តាមរយៈការសន្ទនា និងការពិគ្រោះយោបល់។
លោកស្រីបានបន្ថែមថា “បណ្តាប្រទេសក្រៅតំបន់មួយចំនួន បានព្យាយាមបត់បែនសាច់ដុំរបស់ពួកគេ និងញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នានៅក្នុងសមុទ្រចិនខាងត្បូង ដែលមិនអំណោយផលដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់” ។
លោកស្រីបានបន្ថែមទៀតថា “ខ្ញុំចង់សង្កត់ធ្ងន់ថា តៃវ៉ាន់ គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន ហើយសំណួរតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនទាំងស្រុង ហើយគ្មានការជ្រៀតជ្រែកពីបរទេសឡើយ”៕ ប្រែសម្រួល ឈូក បូរ៉ា