យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែល បានប្រកាសថា ខ្លួនបានធ្វើឃាតមេបញ្ជាការក្រុមហាម៉ាសម្នាក់នៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃចន្ទ ដោយបញ្ជាក់ថា មន្ត្រីក្រុមហាម៉ាស ជាអ្នកទទួលខុសត្រូវ លើការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត ប្រឆាំងនឹងអ៊ីស្រាអែល។
អ្នកនាំពាក្យយោធាលោក Daniel Hagari បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងបានកម្ចាត់ Hassan Akasha នៅក្នុងទីក្រុង Beit Jann នៅភាគខាងត្បូងប្រទេសស៊ីរី។ គាត់គឺជាឥស្សរជនសំខាន់ ដែលទទួលខុសត្រូវ ចំពោះការបាញ់គ្រាប់រ៉ុក្កែត របស់ក្រុមហាម៉ាស ពីទឹកដីស៊ីរី ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ” ។
កងទ័ពបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ខ្លួននឹងមិនអនុញ្ញាតឱ្យមានភេរវករ ចេញពីទឹកដីស៊ីរីឡើយ ហើយចាត់ទុកស៊ីរី ជាអ្នកទទួលខុសត្រូវ ចំពោះរាល់សកម្មភាព ដែលបញ្ចេញចេញពីទឹកដីរបស់ខ្លួន។
ការសម្លាប់នេះ បានកើតឡើងចំពេល ជម្លោះដ៏សាហាវ ដែលកំពុងកើតឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកើតឡើងជាចម្បងនៅតំបន់ហ្គាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។
កាលពីព្រឹកថ្ងៃចន្ទ អ៊ីស្រាអែល តាមសេចក្តីរាយការណ៍បានសម្លាប់លោក Wissam Hassan Tawil ដែលជាមេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំង Radwan វរជនរបស់ក្រុមហេសបូឡាហ៍ នៅក្នុងប្រទេសលីបង់ ប៉ុន្ដែអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយ ជុំវិញហេតុការណ៍នេះទេ៕
ប្រែសម្រួល ឈូក បូរ៉ា