ព័ត៌មានអន្តរជាតិ

Updated៖ ចំនួនអ្នកស្លាប់ នៅក្នុងតំបន់ហ្គាហ្សា កើនឡើងដល់ជាង ២៣,០០០នាក់

ហ្គាហ្សា៖ ក្រសួងសុខាភិបាល ប៉ាឡេស្ទីន បានឲ្យដឹងថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ២៣,២១០នាក់ ចាប់តាំងពីការផ្ទុះឡើង នៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់កាលពីថ្ងៃទី០៧ ខែតុលា។

ក្រសួងបានប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១២៦ នាក់នៅតំបន់ហ្គាហ្សាស្ទ្រីប និង ២៤១ នាក់ផ្សេងទៀតរងរបួសក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដោយបន្ថែមចំនួន សរុបនៃអ្នករបួសប៉ាឡេស្ទីន បានកើនឡើងដល់ ៥៩,១៦៧នាក់​ ចាប់តាំងពីថ្ងៃទី០៧ ខែតុលា។

ប្រភពបានបន្ថែមថា រថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារជនស៊ីវិល មិនអាចចូលទៅដល់ជនរងគ្រោះមួយចំនួន ដែលស្ថិតនៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវនៅឡើយ។

តំបន់ហ្គាហ្សាស្ទ្រីប បានស្ថិតនៅក្រោម ការទម្លាក់គ្រាប់បែក និងការឡោមព័ទ្ធដ៏ធំរបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដែលបានមកនៅក្នុងការសងសឹក ចំពោះការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយក្រុមហាម៉ាស នៅថ្ងៃតែមួយលើភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រហែល ១២០០នាក់៕

ប្រែសម្រួល ឈូក បូរ៉ា

រូបភាព៖ Xinhua

To Top