បាងកក៖ ក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិថៃ (TNSC) បានឲ្យដឹងថា តម្លៃនៃការនាំចេញរបស់ប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងកើនឡើងចន្លោះពី ១ ទៅ ២ ភាគរយនៅឆ្នាំនេះ ចំពេលមានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក។
ការនាំចេញ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ប្រហែល ២៩០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៤ ដោយបានថ្លឹងថ្លែងដោយការឡើងថ្លៃនៃប្រាក់បាតរបស់ប្រទេសថៃ អត្រាការប្រាក់សកលខ្ពស់ ភាពតានតឹងភូមិសាស្ត្រនយោបាយ និងភាពមិនច្បាស់លាស់ក្នុងការចំណាយផលិតកម្ម។
លោក Chaichan Chareonsuk ប្រធាន TNSC បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការកើនឡើងតិចតួចនៃការនាំចេញរបស់ប្រទេសថៃក្នុងឆ្នាំនេះ ត្រូវបានសន្មតថា មកពីសេដ្ឋកិច្ចពិភពលោកខ្សោយ និងហានិភ័យ ដែលមិនបានមើលឃើញទុកជាមុន ដែលចាំបាច់ត្រូវគ្រប់គ្រង។
សម្រាប់រយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៣ ការនាំចេញបានធ្លាក់ចុះ ១,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីជាមានការកើនឡើង ៤,៩ ភាគរយនៅក្នុងខែវិច្ឆិកា ក៏ដោយ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ក្រុមប្រឹក្សាបានរក្សាការព្យាករណ៍ការនាំចេញរបស់ខ្លួនសម្រាប់ឆ្នាំមុនក្នុងការធ្លាក់ចុះ ១ភាគរយ៕
ប្រែសម្រួល ឈូក បូរ៉ា