យូអិន៖ អង្គការសហប្រជាជាតិ បានឲ្យដឹងថា តំបន់ហ្គាហ្សាស្ទ្រីប នៅតែបន្តទទួលរង ពីការទម្លាក់គ្រាប់បែក យ៉ាងខ្លាំងក្លា ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរ និងការបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិលសំខាន់ៗ។
លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានគូសបញ្ជាក់នៅក្នុងសន្និសីទ សង្ខេបអំពីការព្រួយបារម្ភ ដែលកំពុងកើនឡើង នៃដៃគូមនុស្សធម៌ ទាក់ទងនឹងការរឹតបន្តឹង ការចូលប្រើប្រាស់ ជាពិសេសនៅតំបន់ ភាគខាងជើងហ្គាហ្សា។
លោកបានលើកឡើងថា “ដៃគូមនុស្សធម៌ កំពុងព្រមានកាន់តែខ្លាំងឡើង អំពីការដួលរលំ នៃសេវាកម្មសុខភាព នៅក្នុង Deir al Balah និង Khan Younis” ។ អរិភាពកាន់តែខ្លាំងនៅក្នុងតំបន់ទាំងនេះ កំពុងបង្កឱ្យមានការកើនឡើង នៃចំនួនអ្នកស្លាប់ និងរបួស អសន្តិសុខ និងឧបសគ្គសំខាន់ៗក្នុងការផ្តល់ជំនួយ។
ស្ថានភាពនេះបាននាំឱ្យមានកង្វះខាត ធនធានវេជ្ជសាស្ត្រយ៉ាងខ្លាំង។ លោក Dujarric បានលើកឡើងថា “គិតត្រឹមម្សិលមិញនេះ គ្រែមួយភាគប្រាំ នៃគ្រែចំនួន ៥,០០០ ដែលត្រូវការដើម្បីបំពេញតម្រូវការរបួស និងតម្រូវការសង្គ្រោះបន្ទាន់ នៅក្នុងតំបន់ហ្គាហ្សា” ។
ជាងនេះទៅទៀត លោកបានបន្ថែមថា ក្នុងចំណោមមណ្ឌលសុខភាព បឋមចំនួន ៧៧ មានច្រើនជាងបីភាគបួនមិនដំណើរការ ដែលធ្វើឲ្យមនុស្សជាច្រើនមិនមានសេវាសុខភាពមូលដ្ឋាន។
វិបត្តិនេះក៏កំពុងប៉ះពាល់ដល់អ្នកដែលមានជំងឺរ៉ាំរ៉ៃ និងផ្លូវចិត្តផងដែរ។ Dujarric បានសម្តែងការព្រួយបារម្ភថា “មនុស្សប្រហែល ៣៥ម៉ឺននាក់ដែលមានជំងឺរ៉ាំរ៉ៃ និងប្រហែល ៤៨៥,០០០ នាក់ដែលមានបញ្ហាសុខភាពផ្លូវចិត្ត បន្តជួបប្រទះការរំខាន ក្នុងការព្យាបាលរបស់ពួកគេនៅហ្គាហ្សា” ។
ជម្លោះនេះបានធ្វើឱ្យប្រជាជនប្រមាណ ១,៩ លាននាក់ផ្លាស់ទីលំនៅខាងក្នុង ដែលឥឡូវនេះប្រឈមមុខនឹង ហានិភ័យខ្ពស់នៃជំងឺឆ្លង ដោយសារជីវភាពក្រីក្រ ភាពចង្អៀតណែនក្នុងជម្រក និងកង្វះលទ្ធភាពប្រើប្រាស់ទឹក អនាម័យ និងកន្លែងអនាម័យ៕
ប្រែសម្រួល ឈូក បូរ៉ា