សេអ៊ូល៖ ប៉ូលីសកូរ៉េខាងត្បូង បានឲ្យដឹងថា បុរសម្នាក់ ដែលបានចាក់សម្លាប់មេដឹកនាំ បក្សប្រឆាំងកូរ៉េខាងត្បូងលោក Lee Jae Myung កាលពីដើមខែនេះ បានអះអាងថា លោកបានព្យាយាម សម្លាប់លោក Lee ដើម្បីកុំឱ្យលោកក្លាយជា ប្រធានាធិបតី ប្រទេសនាពេលអនាគត។
យោងតាមប៉ូលីស នៅទីក្រុងប៊ូសាន ដែលជាកន្លែង ដែលការចាក់សម្លាប់បានកើតឡើងនៅថ្ងៃទី០២ ខែមករា បុរសអាយុ ៦៧ ឆ្នាំបានឲ្យដឹងថា លោកក៏ចង់រារាំងគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងដ៏សំខាន់ របស់លោក Lee ពីការឈ្នះនៅក្នុងការបោះឆ្នោតសកល ដែលគ្រោងនឹងធ្វើនៅក្នុងខែមេសា ដោយការសម្លាប់លោក។
លោក Lee ត្រូវបានគេចាក់ចំកក្នុងទីក្រុងកំពង់ផែ ភាគខាងត្បូង ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ក្នុងតំបន់មុនពេលត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រ ទៅកាន់មន្ទីរពេទ្យផ្សេងទៀត ក្នុងទីក្រុងសេអ៊ូល ខណៈអ្នកវាយប្រហារត្រូវបានចាប់ បាននៅកន្លែងកើតហេតុ។
បុរសដែលត្រូវបានគេស្គាល់អត្តសញ្ញាណត្រឹមតែឈ្មោះត្រកូល គីម ដោយប៉ូលីស បានចូលទៅជិតលោក Lee ខណៈពេលដែលកំពុងធ្វើពុតជាអ្នកគាំទ្រ ហើយចាក់លោកដោយកាំបិត ដែលរូបភាពនៃឧប្បត្តិហេតុថតដោយសាក្សី បានបង្ហាញ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក គីម បានសរសេរអំពីកំហឹងរបស់រួបគេ អំពីស្ថានភាពនយោបាយ មុនពេលប្រព្រឹត្តបទឧក្រិដ្ឋ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោក Lee បានចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃពុធ បន្ទាប់ពីបានជាសះស្បើយពីការវះកាត់។ លោកបានប្រាប់អ្នកសារព័ត៌មាននៅមន្ទីរពេទ្យថា លោកដឹងគុណដល់អ្នក ដែលបានជួយគាត់តាមរយៈការជាសះស្បើយរបស់លោក។
លោក Lee បានលើកឡើងថា លោកសង្ឃឹមថាឧបទ្ទវហេតុនេះ “នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបញ្ចប់នយោបាយនៃការស្អប់ខ្ពើម” នៅក្នុងសុន្ទរកថា ដែលបង្ហាញថាគាត់ជឿថា ឧក្រិដ្ឋកម្មបានកើតឡើងប្រឆាំងនឹងផ្ទៃខាងក្រោយនៃការប្រឈមមុខគ្នាយ៉ាងខ្លាំងក្លារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង៕
ប្រែសម្រួល ឈូក បូរ៉ា