ព័ត៌មានអន្តរជាតិ

រថយន្តរបស់ចិនត្រូវបានគេប៉ាន់ប្រមាណថា បានវ៉ាដាច់រថយន្តជប៉ុន ក្លាយជាអ្នកនាំចេញរថយន្តធំ ជាងគេបំផុតរបស់ពិភពលោក

RT News

បរទេស៖ ប្រទេសចិនត្រូវបានគេប៉ាន់ប្រមាណថាបានវ៉ាដាច់ប្រទេសជប៉ុនជាអ្នកនាំចេញរថយន្តធំជាងគេបំផុតរបស់ពិភពលោកជាលើកដំបូងក្នុងឆ្នាំ ២០២៣ ជាមួយនឹងការលក់ដែលជំរុញដោយតម្រូវការខ្លាំងនៅក្នុងប្រទេសរុស្ស៊ី និងការកើនឡើងនៃការចង់បានរបស់ពិភពលោកសម្រាប់រថយន្តអគ្គិសនី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) គឺថា ការនាំចេញរថយន្តសរុប (រថយន្តដឹកអ្នកដំណើរ រថយន្តក្រុង និងរថយន្តដឹកទំនិញ) បានកើនឡើង ៥៦ភាគរយ ពីឆ្នាំ ២០២២ ដល់ទៅ ១០២ពាន់លានដុល្លារ។ យោងតាមទិន្នន័យផ្លូវការថ្មីបំផុតរបស់ប្រទេសនេះ បានឱ្យដឹងថា ប្រទេសជប៉ុនបានដឹកជញ្ជូនរថយន្តតិចជាង ៤ លានគ្រឿងក្នុងអំឡុងពេល ១១ ខែដំបូងនៃឆ្នាំ ២០២៣។

សមាគមរថយន្តដឹកអ្នកដំណើរចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា “វាគឺជាភាពប្រាកដប្រជាដែលថាប្រទេសចិនបានក្លាយជាអ្នកនាំចេញធំបំផុតរបស់ពិភពលោក” ។

យោងតាមរបាយការណ៍របស់កាសែត Wall Street Journal, រថយន្តដែលប្រើហ្គាសបែបប្រពៃណី គឺជាកត្តាជំរុញដ៏សំខាន់នៃការកើនឡើងនេះ ជាមួយនឹង “តម្រូវការកើនឡើងជាពិសេសនៅក្នុងប្រទេសរុស្ស៊ី” ។

Wall Street Journal បានផ្សាយដោយស្រង់ទិន្នន័យរបស់ CPCA ថា ក្រុមហ៊ុនផលិតរថយន្តចិនបានរឹបអូសយកចន្លោះប្រហោងដែលនៅសេសសល់ក្នុងទីផ្សាររុស្ស៊ី ដោយសារការចាកចេញរបស់ម៉ាកលោកខាងលិច ដោយរថយន្តរបស់ចិន “លក់ដាច់យ៉ាងហោចណាស់កើន៥ដងនៃរថយន្តជាច្រើននៅទីនោះកាលពីឆ្នាំមុន មានជាង ១៦០.០០០ គ្រឿងដែលលក់ក្នុងឆ្នាំ ២០២២” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top