ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ពីការសងសឹក ជុំវិញការរឹបអូស នាវាដឹកប្រេងរបស់ខ្លួន កាលពីឆ្នាំមុន

RT News

បរទេស ៖ កងនាវាចររបស់ទីក្រុងតេហេរ៉ង់ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា នាវាដឹកប្រេងមួយគ្រឿង ត្រូវបានកងកម្លាំងអ៊ីរ៉ង់ចាប់ និងចាប់បាននៅ ឈូងសមុទ្រអូម៉ង់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា នាវា St Nikolas ដែលជាកប៉ាល់គ្រប់គ្រងដោយក្រិក ដែលមានទង់កោះ Marshall ត្រូវបានគេចាប់យកជាការសងសឹក ចំពោះឧប្បត្តិហេតុកាលពីឆ្នាំមុន ដែលសហរដ្ឋអាមេរិកបានចាប់នាវាដឹកប្រេងអ៊ីរ៉ង់, នេះបើយោងតាមកងទ័ពជើងទឹកអ៊ីរ៉ង់ ។

កងទ័ពជើងទឹកអ៊ីរ៉ង់បានរាយការណ៍ថា “ការរឹបអូសនេះបានធ្វើឡើងតាមដីការបស់តុលាការ” ខណៈដែល “កប៉ាល់ដឹកប្រេង Suez Rajan បានលួចដឹកប្រេងរបស់អ៊ីរ៉ង់ ហើយបានប្រគល់វាទៅឱ្យសហរដ្ឋអាមេរិក” ។

ក្រោមឈ្មោះ Suez Rajan នាវានេះស្ថិតក្នុងការចាប់អារម្មណ៍នៃការប្រយុទ្ធផ្លូវច្បាប់កាលពីឆ្នាំមុន បន្ទាប់ពីអង្គការឃ្លាំមើល United Against Nuclear Iran បានរាយការណ៍ថា នាវានេះកំពុងដឹកជញ្ជូនប្រេងអ៊ីរ៉ង់ទៅកាន់ប្រទេសចិន ដោយរំលោភលើទណ្ឌកម្មរបស់អាមេរិក។

សហរដ្ឋអាមេរិកបានរឹបអូសយកនាវានេះ ហើយនៅក្នុងករណីតុលាការ អ្នកជួលនាវាបានសារភាពកំហុស និងទទួលបានការផាកពិន័យ។ ទីបំផុត កប៉ាល់ដឹកប្រេងបានសហការ ជាមួយអាមេរិក ហើយបានធ្វើដំណើរទៅកាន់ទីក្រុងហ៊ូស្តុន ជាកន្លែងដែលប្រេងរបស់អ៊ីរ៉ង់ ជិតមួយលានបារ៉ែលត្រូវបានរឹបអូស ។ បន្ទាប់មក អ៊ីរ៉ង់បានសន្យាសងសឹកវិញ៕
ប្រែសម្រួលៈ ណៃ តុលា

To Top