ហ្គាហ្សា ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ថា ក្រសួងសុខាភិបាល ដែលមានមូលដ្ឋាន នៅហ្គាហ្សា បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ របស់ប៉ាឡេស្ទីន ពីការវាយប្រហារបន្ត របស់អ៊ីស្រាអ៊ែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់២៣.៤៦៩នាក់ហើយ ។
លោក Ashraf al-Qedra អ្នកនាំពាក្យក្រសួងខាងលើ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអ៊ែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ចំនួន១១២នាក់ និង របួសចំនួន១៩៤នាក់ផ្សេងទៀត គិតក្នុងរយៈពេល២៤ម៉ោងកន្លងមក នេះ ។
លោក Al-Qedra បានលើកឡើងទៀតថា ចាប់តាំងពីការផ្ទុះឡើង នៃជម្លោះអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ជនជាតិប៉ាឡេស្ទីនចំនួន៥៩.៦០៤នាក់ បានរងរបួសជាលទ្ធផល នៃការវាយប្រហាររបស់អ៊ីស្រាអ៊ែល ដែលក្នុងនោះមាន៦.២០០នាក់ ត្រូវការការព្យាបាលជាបន្ទាន់ នៅខាងក្រៅតំបន់ហ្គាហ្សា ។
លោកបានធ្វើការកត់សម្គាល់ថា “ស្ថានភាព នៅក្នុងមន្ទីរពេទ្យនៅភាគខាងត្បូង នៃតំបន់ហ្គាហ្សាស្ទ្រីប គឺជាមហន្តរាយយ៉ាងខ្លាំង ដែលជាលទ្ធផលនៃចំនួនអ្នករងរបួស និងមនុស្សរាប់ម៉ឺននាក់ ត្រូវបានផ្លាស់ទីលំនៅ” ។
លោក Al-Qedra បានអំពាវនាវឱ្យស្ថាប័នអង្គការសហប្រជាជាតិ ធ្វើអន្តរាគមន៍ជាបន្ទាន់ “ដើម្បីផ្តល់ទឹក អាហារ និងទីជម្រកដល់ជនភៀសខ្លួន មុនពេលគ្រោះមហន្តរាយកើតឡើង ផលវិបាក ដែលមិនអាចអត់ឳនឲ្យបានឡើយ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា