ហាណូយ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ថា នៅថ្ងៃសុក្រនេះ តុលាការនៅក្នុងប្រទេសវៀតណាម បានកាត់ទោសអតីតរដ្ឋមន្ត្រី ខុទ្ទកាល័យចំនួន២រូប ហើយបានរកឃើញថា មន្ត្រីរាប់សិបនាក់មានទោស ពីបទសូកប៉ាន់ និងការគ្រប់គ្រងមិនត្រឹមត្រូវ សម្រាប់តួនាទីរបស់ពួកគេ នៅក្នុងរឿងអាស្រូវ នៃការលក់ឧបករណ៍ ធ្វើតេស្តរកមេរោគឆ្លង ។
ក្រសួងសន្តិសុខ បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា អតីតរដ្ឋមន្ត្រីក្រសួង សុខាភិបាលលោក Nguyen Thanh Long ត្រូវបាន កាត់ទោស ឱ្យជាប់ពន្ធនាគារ រយៈពេល១៨ឆ្នាំ ពីបទទទួលសំណូក ដែលមានទឹកប្រាក់ ចំនួន២,២៥ លានដុល្លារ សហរដ្ឋអាមេរិក ខណៈដែលលោក Chu Ngoc Anh អតីតរដ្ឋមន្ត្រី ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវ បានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំពីបទគ្រប់គ្រងមិនត្រឹមត្រូវ ។
ចំណុចសំខាន់នៃរឿងអាស្រូវនេះគឺក្រុមហ៊ុនពេទ្យឯកជន មួយកន្លែងឈ្មោះថា Viet A Technology Corp ដែលត្រូវបានចោទប្រកាន់ថា បានឃុបឃិត ជាមួយមន្ត្រីទាំងនេះដើម្បីផលិតឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩សម្រាប់ប្រព័ន្ធសុខាភិបាលរដ្ឋ ដែលត្រូវបានលក់ក្នុងតម្លៃខ្ពស់ ។
លោក Long ត្រូវបានកាសែត Phap Luat Online ថ្លែងនៅក្នុងសវនាការថា “ខ្ញុំខុស ខ្ញុំសុំទោស” ។ ទីភ្នាក់ងារ Reuters មិនអាចទាក់ទងមេធាវីរបស់លោក Long ដើម្បីសុំការអត្ថាធិប្បាយបានភ្លាមៗទេ ។
សាលក្រមនេះបាន កើតឡើង នៅគ្រាដែលប្រទេស វៀតណាម បង្កើនយុទ្ធនាការប្រឆាំង អំពើពុករលួយអស់ រយៈពេលជាច្រើន ឆ្នាំដែលបានឃើញមន្ត្រីជាន់ខ្ពស់រាប់រយនាក់ ត្រូវបានស៊ើបអង្កេតពីបទពុករលួយ ដោយមានមនុស្ស ជាច្រើនត្រូវបានបង្ខំឱ្យលាលែងពីតំណែង រួមទាំងអតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រី២រូបផងដែរ ។
លោក Phan Quoc Viet ស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Viet A ត្រូវបានកាត់ទោសឲ្យជាប់ ពន្ធនាគាររយៈពេល២៩ឆ្នាំនៅក្នុងការកាត់ទោស រយៈពេល១សប្តាហ៍ បន្ថែមពីលើការកាត់ទោស រយៈពេល២៥ឆ្នាំ នៅក្នុងការកាត់ក្តីដាច់ដោយឡែក មួយកាលពីចុងខែធ្នូកន្លងមកនេះ ។
ក្រសួងខាងលើបានឲ្យដឹងថា ក្រុមហ៊ុន Viet A បានលក់ឧបករណ៍ ធ្វើតេស្តរកមេរោគកូវីដ-១៩ចំនួន៤,៦លានគ្រឿង នៅក្នុងប្រទេសវៀតណាម ក្នុងអំឡុង ពេលជំងឺរាតត្បាតរាតត្បាត ក្នុងតម្លៃ៣ដងខ្ពស់ជាងតម្លៃពិតរបស់ពួកគេ ហើយបានរកប្រាក់ដោយខុសច្បាប់ចំនួន១,២៣ពាន់ពាន់លានដុង ស្មើនឹង៥០,២៥លានដុល្លារ សហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា