ព័ត៌មានអន្តរជាតិ

បេក្ខជនដែលប្រឆាំងចិន បានឈ្នះការបោះឆ្នោត ប្រធានាធិបតីនៅកោះតៃវ៉ាន់

រូបភាពពី៖​ RT News

បរទេស៖ លោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ ត្រូវបានបោះឆ្នោតជ្រើសរើសជាមេដឹកនាំថ្មីរបស់កោះគ្រប់គ្រងដោយខ្លួនឯងមួយនេះ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Lai ដែល​បាន​ចូល​រួម​ការ​បោះ​ឆ្នោត​ជា​អនុ​ប្រធានា​ធិបតី​តៃវ៉ាន់​បាន​អះអាង​ពីការទទួល​បាន​ជ័យ​ជំនះបន្ទាប់​ពី​បេក្ខភាព​តំណាង​ឱ្យ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​របស់​កោះនេះ លោក Hou Yu-ih បាន​ទទួល​ស្គាល់​ការ​បរាជ័យ។

គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងស្វែងរកអំណាចអាណត្តិទី៣ បដិសេធអធិបតេយ្យភាពរបស់ចិនលើកោះតៃវ៉ាន់ និងនៅតែអះអាងថា កោះនេះមានសិទ្ធិទទួលបានអត្តសញ្ញាណដាច់ដោយឡែកពីចិនដីគោក។ លោក Lai បាននិយាយថា លោកប្តេជ្ញារក្សាសន្តិភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ប៉ុន្តែបានអំពាវនាវឱ្យបង្កើនការការពារទឹកដីដែលគ្រប់គ្រងដោយខ្លួនឯង ដើម្បីទប់ស្កាត់ការគំរាមកំហែងដែលអាចកើតមានពីទីក្រុងប៉េកាំង។

លោក Lai ត្រូវបានប្រកាសថាជាអ្នកឈ្នះ បន្ទាប់ពីលទ្ធផលមួយផ្នែកបង្ហាញថា លោកទទួលបានសំឡេងគាំទ្រ 40.2% ដែលជំរុញឱ្យលោក Hou ក៏ដូចជាអតីតអភិបាលក្រុងតៃប៉ិ លោក Ko Wen-je នៃគណបក្សប្រជាជនតៃវ៉ាន់ ដកខ្លួនចេញពីការប្រកួត។ ប្រធានាធិបតីកោះតៃវ៉ាន់ដែលកាន់អំណាចគឺលោកស្រី Tsai Ing-wen ត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញពីការស្វែងរកការកាន់អំណាចនៅអាណត្តិទី៣បន្តទៀត។

យោងតាមសារព័ត៌មាន រ៉យទ័រ , លោក Lai បាន​និយាយ​នៅ​ទីក្រុង Tainan ភាគ​ខាង​ត្បូង​កោះកាល​ពី​ថ្ងៃ​សៅរ៍ មុន​ពេល​បោះឆ្នោត​របស់​លោក​ថា​៖ «រាល់​ការ​បោះ​ឆ្នោត​ត្រូវ​បាន​វាយ​តម្លៃ ព្រោះ​នេះ​ជា​លទ្ធិប្រជាធិបតេយ្យ​ដែល​រក​បាន​ដោយ​ពិបាក​របស់​កោះតៃវ៉ាន់»៕ ប្រែសម្រួលៈ ណៃ តុលា

To Top