ព័ត៌មានអន្តរជាតិ

ប្រេសិតយូអិន អំពាវនាវឱ្យមានការអត់ធ្មត់ ចំពេលមានភាពតានតឹង កើនឡើង នៅក្នុង ប្រទេសយេម៉ែន

រូបភាព៖ Xinhua

យូអិន៖ បេសកជនពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកប្រទេសយេម៉ែន លោក Hans Grundberg បានចេញសេចក្តីអំពាវនាវជាបន្ទាន់មួយកាលពីថ្ងៃសៅរ៍ ដោយអំពាវនាវឱ្យ ភាគីជម្លោះទាំងអស់ អនុវត្តការអត់ធ្មត់ជាអតិបរមា ចំពេលមានការកើនឡើង ដ៏គ្រោះថ្នាក់ នៅក្នុងភាពតានតឹង ក្នុងតំបន់។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ដែលចេញផ្សាយដោយការិយាល័យរបស់លោក លោក Grundberg បានរំលឹកឡើងវិញនូវការអំពាវនាវដែលធ្វើឡើងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជៀសវាងសកម្មភាព ដែលធ្វើឱ្យស្ថានភាពនៅក្នុងប្រទេសយេម៉ែន កាន់តែអាក្រក់ បង្កើនការគំរាមកំហែងដល់ផ្លូវពាណិជ្ជកម្មសមុទ្រនៅសមុទ្រក្រហម ឬបន្ថែមទៀត ជំរុញភាពតានតឹងក្នុងតំបន់នៅពេលដ៏សំខាន់នេះ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “បេសកជនពិសេសសង្កត់ធ្ងន់លើតម្រូវការសំខាន់នៅពេលនេះ ដើម្បីការពារជនស៊ីវិលយេម៉ែន និងដើម្បីរក្សាសន្ទុះនៃដំណើរការសន្តិភាព ដែលបាននិងកំពុងដំណើរការបន្តិចម្តងៗក្នុងរយៈពេលមួយឆ្នាំកន្លងមក” ។

ការអត្ថាធិប្បាយរបស់លោក Grundberg បានកើតឡើងចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើង បន្ទាប់ពីការវាយប្រហារនាពេលថ្មីៗនេះ ដែលធ្វើឡើងដោយក្រុម Houthi នៅលើនាវាពាណិជ្ជកម្មនៅឆ្នេរសមុទ្រនៃប្រទេសយេម៉ែន ដែលបានគម្រាមកំហែងរំខានដល់ផ្លូវពាណិជ្ជកម្មដែនសមុទ្រសំខាន់ៗ។

បេសកជនពិសេសរូបនេះ បានកត់សម្គាល់ពីបរិបទក្នុងតំបន់ដែលកាន់តែមានភាពមិនច្បាស់លាស់ និងសក្តានុពលរបស់វាក្នុងការបង្អាក់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តឆ្ពោះទៅរកដំណោះស្រាយការទូត ចំពោះជម្លោះ ដែលអូសបន្លាយរយៈពេលជាច្រើនឆ្នាំដែលបានបំផ្លាញយេម៉ែន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top