បាកដាដ៖ ប្រធានាធិបតីអ៊ីរ៉ាក់ លោក Abdul Latif Rashid បានថ្កោលទោស ចំពោះការពង្រីកជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប ទៅកាន់វិសាលភាពកាន់តែទូលំទូលាយ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសដឹកនាំដោយសហរដ្ឋអាមេរិក ទៅលើទីតាំងយោធា Houthi ក្នុងប្រទេសយេម៉ែន ដោយព្រមានថា ការពង្រីកបែបនេះ នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់មនុស្សគ្រប់គ្នា។
លោក Rashid បានឲ្យដឹងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ក្នុងអំឡុងពេលពិធីរំលឹកដល់អតីតបព្វជិតនិកាយស៊ីអ៊ីត Mohammad Baqir al-Hakim ដែលត្រូវបានធ្វើឃាតនៅក្នុងការវាយប្រហារដោយគ្រាប់បែកមួយថា “យើងថ្កោលទោសយ៉ាងខ្លាំងរាល់ការប៉ុនប៉ង ដើម្បីពង្រីកវិសាលភាពនៃជម្លោះនេះព្រោះវានឹងដុតបំផ្លាញមនុស្សគ្រប់គ្នា” នៅទីក្រុង Najaf ក្នុងខែសីហា ឆ្នាំ២០០៣។
លោក Rashid បានរំលឹកឡើងវិញនូវការថ្កោលទោសរបស់អ៊ីរ៉ាក់ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដែលបណ្តាលឱ្យប្រជាជនប៉ាឡេស្ទីនរងទុក្ខ ជាពិសេសដោយសារជនរងគ្រោះភាគច្រើនជាស្ត្រី កុមារ និងមនុស្សចាស់។
លោកបានជំរុញសហគមន៍អន្តរជាតិឱ្យបញ្ចប់ជម្លោះនេះដោយប្រកាន់ជំហរកាន់តែម៉ឺងម៉ាត់ ដើម្បីសម្រេចបានសន្តិភាព និងធានាផលប្រយោជន៍ប្រជាជនប៉ាឡេស្ទីន ដោយបង្កើតរដ្ឋឯករាជ្យរបស់ពួកគេ៕
ប្រែសម្រួល ឈូក បូរ៉ា
រូបភាព៖ Xinhua