បរទេស ៖ អ្នកបោះឆ្នោតនៅកោះតៃវ៉ាន់ បានប្រគល់ឱ្យគណបក្សប្រជាធិបតេយ្យ ជឿនលឿនដែលកំពុងគ្រប់គ្រងអំណាច របស់កោះតៃវ៉ាន់ ឬ DPP ដែលជាជ័យជំនះជាប្រវត្តិសាស្ត្រ នៅក្នុងការបោះឆ្នោតប្រធានាធិបតី របស់កោះនេះកាលពីចុងសប្តាហ៍ បើទោះបីជាមាន សម្ពាធពីប្រទេសចិនក៏ដោយ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងពេលដែលប្រទេស ប្រជាធិបតេយ្យមួយចំនួនជុំវិញ ពិភពលោកបានអបអរសាទរប្រធានាធិបតី ជាប់ឆ្នោតរបស់ គណបក្សប្រជាធិបតេយ្យជឿនលឿន លោក ឡៃ ឆឹងតេ (Lai Ching-te) ចំពោះជ័យជំនះរបស់លោក កាលពីថ្ងៃសៅរ៍ ទីក្រុងប៉េកាំងបានអះអាងថា លទ្ធផលបោះឆ្នោតមិនឆ្លុះបញ្ចាំង ពីមតិសាធារណៈទូទៅ នៅក្នុងកោះតៃវ៉ាន់នោះទេ ហើយបានសង្កត់ធ្ងន់ថា កោះតៃវ៉ាន់នៅតែជាកិច្ចការផ្ទៃក្នុង របស់ចិន។
សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និង ប្រទេសកាណាដា ទាំងអស់បានអបអរសាទរ គណបក្ស DPP សម្រាប់ជ័យជំនះនេះ ដោយអ្នកនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិកបានសរសើរ ប្រជាជនកោះតៃវ៉ាន់ សម្រាប់ ការ”បង្ហាញពីភាពរឹងមាំ” នៃប្រព័ន្ធប្រជាធិបតេយ្យ ដ៏រឹងមាំរបស់កោះនេះ ។
ជាការឆ្លើយតប ក្រសួងការបរទេសចិន បានចាត់ទុកសាររបស់ទីក្រុងវ៉ាស៊ីនតោនថា ជាការរំលោភលើគោលការណ៍ចិនតែមួយ ហើយបាននិយាយថា ការពិតជាមូលដ្ឋានដែលថាកោះតៃវ៉ាន់ ជាផ្នែកមួយនៃប្រទេសចិន គឺនឹងមិនផ្លាស់ប្តូរឡើយ ។
ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ ជាខេត្តមួយដ៏រឹងរូស ពិបាកត្រួត ហើយមិនដែលច្រានចោល ចំពោះការប្រើកម្លាំង ដើម្បីគ្រប់គ្រងលើកោះនេះ ទាំងស្រុងនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសចិន ដែលមិនបញ្ចេញឈ្មោះមួយរូប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនកុំប្រើ “បញ្ហាកោះតៃវ៉ាន់” ដើម្បីទប់ស្កាត់ប្រទេសចិន ។ លោកថា “បញ្ហាកោះតៃវ៉ាន់គឺជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ចិន និងជាខ្សែបន្ទាត់ក្រហម ដំបូងដែលមិនត្រូវឆ្លងកាត់នៅក្នុងទំនាក់ទំនង រវាងប្រទេសចិន-សហរដ្ឋអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា