ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ​នឹង​បញ្ចប់​ការ​វាយ​ប្រហារ ទ្រង់ទ្រង់ធំនៅតំបន់ហ្គាហ្សា ​ក្នុង​ពេល​ឆាប់ៗ ខណៈអំពើ​ហិង្សាកំពុង​កើន​ឡើង ​នៅ​តំបន់វេសបែង

Xinhua

យេរ៉ូសាឡឹម៖ អ៊ីស្រាអែលឲ្យដឹងថា ដំណាក់កាល “ខ្លាំង” នៃសង្រ្គាមរបស់ខ្លួនលើក្រុមហាម៉ាស នៅភាគខាងត្បូងហ្គាហ្សានឹងបញ្ចប់ “ក្នុងពេលឆាប់ៗនេះ” ខណៈពេលដែលការកើនឡើង នៃអំពើហិង្សានៅតំបន់ វេសបែង បានធ្វើឱ្យប្រជាជនប៉ាឡេស្ទីន ជាច្រើននាក់បានស្លាប់។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា យោធាបានបញ្ចប់ “ដំណាក់កាលធ្វើសមយុទ្ធដ៏ខ្លាំងក្លា នៅតំបន់ហ្គាហ្សាស្ទ្រីបភាគខាងជើង”។ លោក​បាន​បន្ថែម​ទៀត​ថា នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង ដំណាក់​កាល​ដែល​ពឹងផ្អែក​ខ្លាំង ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ។

យោងតាមលោក Gallant សង្គ្រាមដែលកំពុងបន្តរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស ដែលបានចាប់ផ្តើមបន្ទាប់ពីការ វាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល របស់ពួកហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា នឹងត្រូវបានបញ្ចប់នៅពេលដែល “លែងមានការគំរាមកំហែង ផ្នែកយោធាពីតំបន់ហ្គាហ្សា” ហើយនៅពេលដែល ​ក្រុមហាម៉ាស មិនអាចគ្រប់គ្រង និងបំពេញមុខងារជា កម្លាំងយោធានៅតំបន់ហ្គាហ្សា។

លោក Gallant បានលើកឡើងថា បន្ទាប់ពីសង្គ្រាមបានបញ្ចប់ ប៉ាឡេស្ទីន នឹងគ្រប់គ្រងតំបន់ហ្គាហ្សា។ លោកបានបន្ដថា “ប្រជាជនប៉ាឡេស្ទីន រស់នៅក្នុងតំបន់ហ្គាហ្សា ដូច្នេះហើយប្រជាជនប៉ាឡេស្ទីន នឹងគ្រប់គ្រងវានៅពេលអនាគត។ រដ្ឋាភិបាលហ្គាហ្សានាពេលអនាគតត្រូវតែរីកដុះដាលចេញពីតំបន់ហ្គាហ្សាស្ទ្រីប”។

លោកបានបន្ថែមថា តំបន់ហ្គាហ្សា នឹងត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល នាពេលអនាគតដែលនឹងក្លាយជា “ជម្រើសស៊ីវិលដែលយកចិត្តទុកដាក់ ចំពោះសុខុមាលភាពរបស់អ្នករស់នៅហ្គាហ្សា” ហើយមិនមែនជាអរិភាព ចំពោះអ៊ីស្រាអែលឡើយ។ លោក​បាន​ទទូច​ថា កងកម្លាំង​អ៊ីស្រាអែល​នឹង​មានសេរីភាព​ ក្នុង​ការ​ប្រតិបត្តិការនៅ​ក្នុង​រង្វង់​ការពារ​ពលរដ្ឋ​អ៊ីស្រាអែល។

ស្របពេលជាមួយគ្នានេះ នៅទីក្រុងហ្គាហ្សា យ៉ាងហោចណាស់មនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់ដោយគ្រាប់ផ្លោងរថក្រោះ នេះបើយោងតាមក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅហ្គាហ្សា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top