បាកដាដ៖ ប្រធានាធិបតីអ៊ីរ៉ាក់លោក Abdul Latif Rashid បានឲ្យដឹងថា ប្រទេសរបស់លោកចង់ចូលរួមជាមួយ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីជំរុញប្រព័ន្ធពាណិជ្ជកម្មរបស់ខ្លួន និងសម្រេចបាននូវការអភិវឌ្ឍន៍ ប្រកបដោយចីរភាព។
លោកបានឲ្យដឹងក្នុងអំឡុងពេល កិច្ចប្រជុំមួយជាមួយលោក Saqr al-Muqbel ដែលជាតំណាងអារ៉ាប៊ីសាអូឌីតប្រចាំ WTO ដែលដឹកនាំក្រុម សម្រាប់ដោះស្រាយការចូលជា សមាជិករបស់អ៊ីរ៉ាក់ ទៅកាន់អង្គការនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ពីការិយាល័យរបស់ Rashid ។
លោក Rashid បានលើកឡើងថា ប្រទេសអ៊ីរ៉ាក់ មានបំណងចង់បំពេញតាមស្តង់ដារពាណិជ្ជកម្ម និងសេដ្ឋកិច្ចដែលត្រូវការដើម្បីចូលរួម WTO ហើយបានថ្លែងអំណរគុណ ដល់ក្រុមអារ៉ាប៊ីសាអូឌីត សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។
រដ្ឋមន្ត្រីពាណិជ្ជកម្មអ៊ីរ៉ាក់ លោក Atheer al-Ghurairi បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានរួមគ្នាជាមួយលោក al-Muqbel ថា អ៊ីរ៉ាក់មានបំណងក្លាយជា “អ្នកលេងដ៏មានឥទ្ធិពល” នៅក្នុងសេដ្ឋកិច្ចពិភពលោក តាមរយៈកំណែទម្រង់។
លោក Al-Muqbel បានបន្ដថា អារ៉ាប៊ីសាអូឌីត នឹងគាំទ្រអ៊ីរ៉ាក់ នៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិក្នុងការដេញថ្លៃ ការចូលរួមនៅក្នុងអង្គការ WTO របស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា