បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានប្រាប់សមភាគីកូរ៉េខាងជើង លោក Choe Son-hui កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីកំពុងបង្កើនភាពតានតឹង ក្នុងតំបន់ជាមួយនឹងគោលនយោបាយអរិភាព របស់ពួកគេចំពោះទីក្រុងព្យុងយ៉ាង។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយលោក Choe នៅទីក្រុងមូស្គូ លោក Lavrov បាននិយាយថា វិធីសាស្រ្តរបស់សហរដ្ឋអាមេរិក និង ផ្កាយរណបក្នុងតំបន់ របស់ខ្លួនកំពុងបម្រើឱ្យ បង្កើតការគំរាមកំហែងដល់ សន្តិសុខរបស់កូរ៉េខាងជើង ហើយនឹងមិននាំទៅរកវឌ្ឍនភាព ក្នុងការកាត់បន្ថយភាពតានតឹងនោះទេ។
យោងតាមអ្នកការទូតរុស្ស៊ីបាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបាននឹងកំពុងលុបបំបាត់ យន្តការដែលបានបង្កើតឡើងជា យូរមកហើយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈពេលដែលកំពុងព្យាយាមបង្កើតប្លុក និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធណាតូនៅក្នុងតំបន់។
លោក Lavrov បានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូនឹងបន្តអំពាវនាវឱ្យមាន ការបោះបង់ចោលនូវជំហានទាំងឡាយណា ដែលនាំឱ្យមានការកើនឡើង នៃភាពតានតឹង ហើយនឹងទទូចលើ ការដោះស្រាយយ៉ាងទូលំទូលាយ និងយុត្តិធម៌នៃបញ្ហាដែលមានស្រាប់ ខណៈពេលដែលកំពុងអភិវឌ្ឍ ទំនាក់ទំនងជាមួយកូរ៉េខាងជើង ៕
ប្រែសម្រួល៖ ស៊ុន លី