ព័ត៌មានអន្តរជាតិ

អាមេរិក បើកការវាយប្រហារតាមអាកាស ​លើគោលដៅ របស់ក្រុម Houthi នៅកណ្តាល ប្រទេសយេម៉ែន

Photo By: Air Force Senior Airman Rhett Isbell

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារ តាមអាកាសជាបន្តបន្ទាប់ ប្រឆាំងនឹងគោលដៅ របស់ក្រុម Houthi នៅក្នុងខេត្ត Al Bayda ភាគកណ្តាលរបស់ប្រទេសយេម៉ែន កាលពីថ្ងៃអង្គារ ​។

លោក Yasser Jahlan មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងថា ការវាយប្រហារបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីក្រុម Houthi បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងនាវាដឹកប្រេងដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក នៅឈូងសមុទ្រ Aden ។

លោកបានលើកឡើងថា ការវាយប្រហារចំនួនបីបានវាយប្រហារបន្ទាយយោធា Houthi និងកន្លែងផ្សេងទៀត។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ពីការវាយប្រហារដោយបញ្ជាក់ថា “កងកម្លាំងសហរដ្ឋអាមេរិកបានវាយប្រហារ និងបំផ្លាញមីស៊ីលផ្លោងប្រឆាំងនាវារបស់ក្រុម Houthi ចំនួន៤ ដែលត្រៀមនឹងបាញ់ចេញពីតំបន់ ដែលគ្រប់គ្រងដោយក្រុម Houthi នៃប្រទេសយេម៉ែន” ។

វាបានកើតឡើងបន្ទាប់ពីឧប្បត្តិហេតុមួយកាលពីថ្ងៃចន្ទ នៅពេលដែលកប៉ាល់កុងតឺន័រ ដែលគ្រប់គ្រង និងដំណើរការដោយសហរដ្ឋអាមេរិក ត្រូវបានវាយប្រហារដោយកាំជ្រួច ដែលបានបាញ់ចេញពីតំបន់ ដែលគ្រប់គ្រងដោយក្រុម Houthi នៃប្រទេសយេម៉ែន។

ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះ ក្រុម Houthi បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារថ្មី លើកប៉ាល់ដឹកទំនិញដែលមានទង់ជាតិក្រិក ZOGRAFIA របស់ប្រទេសក្រិច ជាមួយនឹងមីស៊ីលជាច្រើនគ្រាប់នៅក្នុងសមុទ្រក្រហម។

យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុម Houthi ការវាយប្រហារនេះ គឺជាការឆ្លើយតបទៅនឹងកប៉ាល់ ដែលមិនអើពើនឹងការព្រមានរបស់ខ្លួនដោយបន្តធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល។

ក្រុម Houthi បានបង្កើនការវាយប្រហាររបស់ខ្លួនលើនាវានៅសមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandab នាពេលថ្មីៗនេះ ដោយប្រើប្រាស់ទូកប្រដាប់អាវុធ យន្តហោះដ្រូន និងកាំជ្រួច ដែលជំរុញឱ្យមានការព្រួយបារម្ភអំពីសន្តិសុខដែនសមុទ្រនៅក្នុងផ្លូវពាណិជ្ជកម្មពិភពលោកដ៏សំខាន់នេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top