បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ នៅតំបន់ហ្គាហ្សាអាចបន្តរយៈពេលមួយឆ្នាំទៀត និងអាចយូរជាងនេះនេះ បើយោងតាមការអះអាង ដោយនាយករដ្ឋមន្ត្រី Benjamin Netanyahu នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃម្សិលមិញ។
ក្នុងអំឡុងពេល នៃកិច្ចប្រជុំនេះ នៅទីស្នាក់ការកង កម្លាំងការពារ អ៊ីស្រាអែល (IDF) ក្នុងទីក្រុង Beersheba ហើយក៏មានការចូល រួមពីរដ្ឋមន្ត្រីខុទ្ទកាល័យសន្តិសុខផ្សេងទៀត ផងដែរ នោះ លោក Netanyahu បានថ្លែងប្រាប់ ប្រធានក្រុមប្រឹក្សាថា សង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស់ អាចរំពឹងថានឹងបន្តរហូតទៅដល់ឆ្នាំ២០២៥។
នាយករដ្ឋមន្ត្រីក៏បានយល់ព្រមកែសម្រួលក្របខណ្ឌក្រសួងការពារជាតិដែលមានគោលបំណងជួយនិងលើកទឹកចិត្តប្រជាជនអ៊ីស្រាអែលឱ្យត្រឡប់ទៅសហគមន៍របស់ពួកគេវិញក្នុងចម្ងាយជាច្រើនគីឡូម៉ែត្រពីព្រំដែនហ្គាហ្សា។
គួរឲ្យដឹងដែរថាមនុស្សជាច្រើន ដែលរស់នៅក្បែរ តំបន់ហ្គាហ្សាបានភៀស ខ្លួនចេញពីតំបន់នេះ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ខែតុលា ដែលបានបណ្តាលឱ្យ មនុស្សប្រហែល ១២០០នាក់បានស្លាប់ និងបានឃើញការចាប់ខ្លួន ចំណាប់ខ្មាំងជាង២០០នាក់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី